(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទជាសំណួរថា បើសិនជាសង្គ្រាមមិនទាន់ចប់ទេ តើមានមនុស្សប៉ុន្មាននាក់ទៀតដែលត្រូវស្លាប់ និងរបួស ហើយតើថ្នាក់ដឹកនាំនាយទាហានប៉ុន្មាននាក់ ដែលអាចបាត់បង់ជីវិត? ហើយតើស្ត្រីប៉ុន្មាននាក់ កូនប៉ុន្មាននាក់ ក្លាយទៅជាស្ត្រីមេម៉ាយកូនកំព្រា?

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ធ្វើឡើងក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណវិមានឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «បើសិនជាសង្គ្រាមមិនទាន់ចប់ទេ តើប៉ុន្មាននាក់អាចអវត្តមាននៅទីនេះដោយសារស្លាប់ និងរបួសបាត់ទៅហើយ តើថ្នាក់ដឹកនាំនាយទាហានរបស់យើងនៅលើវេទិកានេះ ប៉ុន្មាននាក់ដែលអាចបាត់បង់ជីវិតរួចទៅហើយមិនបាននៅទីនេះ ហើយតើស្ត្រីប៉ុន្មាននាក់ កូនប៉ុន្មាននាក់ ក្លាយទៅជាស្ត្រីមេម៉ាយកូនកំព្រារួចទៅហើយ? តើមានឱកាសទេដែលនាយទាហានរបស់យើងពីភាគីផ្សេងៗគ្នាជួបគ្នា។ ខ្ញុំឧស្សាហ៍ជួបជាមួយនាយទាហានរបស់យើង ដែលពីមុនម្ខាងទៅរដ្ឋកម្ពុជា ម្ខាងនៅអតីតខ្មែរក្រហម គាត់បានជជែកគ្នាពីបទពិសោធន៍ប្រយុទ្ធ ដែលពេលនោះកំពុងធ្វើផែនការសម្លាប់គ្នាទៅវិទៅមក ឥលូវគាត់នៅអង្គុយជាមួយគ្នា ធ្វើផែនការការពារជាតិជាមួយគ្នា»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នាយទាហាន យោធិន នគរបាលជាតិសុទ្ធតែអ្នកដែលត្រូវចូលប្រយុទ្ធនៅពេលដែលមានសង្គ្រាមកន្លងមក ដែលពេលនោះយើងមាន A3 ផងដែរ ហើយតែអស់កម្លាំងកងទ័ព គឺចូលប្រយុទ្ធគ្រប់ភាគីទាំងអស់គ្រប់។ ជាក់ស្តែងពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមគេឧស្សាហ៍ដាក់រូបទាហានខ្មែរក្រហមម្នាក់ ស្ពាយកាំភ្លើងអូសដី ដោយសារពេលអស់កងទ័ពគឺមនុស្សគ្រប់អាយុទាំងអស់ ក្នុងការចូលរួមប្រយុទ្ធដែលនេះហើយគឺជាសង្គ្រាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គ្មានផលអីពីសង្គ្រាមនៃការកាប់សម្លាប់គ្នាទេនោះទេ ហើយជាពិសេសសង្គ្រាមសម្លាប់ខ្មែរគ្នាឯង ប៉ុន្តែផលធំណាស់នៃសន្តិភាពយើងអាចវាស់បាន ប៉ុន្តែអ្វីដែលវាយើងមិនអាចវាស់បាន ស្មានត្រូវ គឺផលអវិជ្ជមានដែលអាចកើតមានដោយសារសង្គ្រាមមិនទាន់ចប់ គឺនឹងមានមនុស្សជាច្រើននាក់ទៀតនឹងត្រូវស្លាប់ជាបន្តបន្ទាប់។ ដោយសារយើងបញ្ចប់សង្គ្រាមទើបធ្វើឱ្យនាយទាហាន ពលទាហាន មានឱកាសរួមគ្នានៅទីនេះដោយគ្មានបែងចែកភាគីខុសគ្នា ដើម្បីរួមគ្នាប្ដេជ្ញាចិត្តការពារសុខសន្ដិភាពស្ថិរ ប្រជាពលរដ្ឋរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដែរថា សម្តេចបានទៅប្រកាសខេត្តអស់មីនច្រើន ហើយមកដល់ពេលនេះមានខេត្តអស់មីនជាងពាក់កណ្ដាលទៅហើយ បើសិនជាមិនទាន់មាននយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមនៅឆ្នាំ១៩៩៨ សួរថាតើខេត្តប៉ុន្មានហើយប្រកាសអស់មីន? គឺច្បាស់ណាស់មិនអស់មីននោះទេ គឺមានតែអាចកើតមានឡើងថែមទៀត ហើយប្រជាពលរដ្ឋនឹងនៅតែបន្តស្លាប់កើនឡើងថែមទៀតមិនទាន់បញ្ចប់ទេ។

សម្តេចធិបតី បានគូសបញ្ជាក់ដែរថា ជោគជ័យដ៏ធំបំផុតគឺការធ្វើសមាហរណកម្មកងទ័ពអតីត៤ភាគី មកនៅត្រឹមតែមួយភាគី នេះជាកងទ័ពតែមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយការបង្រួបបង្រួម និងការទាញនូវភាគីទាំងអស់ បញ្ចូលគ្នាគឺជាកិច្ចការសំខាន់ហើយត្រូវតែថែរក្សា, ការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា, ការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ នេះគឺជាសារសំខាន់៕