(កណ្តាល)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ចុះត្រួតពិនិត្យ ផ្លូវបេតុង ០១ខ្សែ ប្រវែង ៣.៧៨០គម. ស្ពានបេតុង ០១ កន្លែង ប្រវែង ៤៥ ម. និងសំណង់សិល្បការ្យមួយចំនួនទៀត នៅស្រុកពញាឮ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រើប្រាស់ថវិកាជំពូក២១ ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

លោកបណ្ឌិត រដ្ឋលេខាធិការ បានថ្លែងថា សមិទ្ធផលខាងលើនេះ ជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ពិសេសបង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន បានគ្រប់រដូវកាល។

ក្នុងឱកាសនោះ គណៈកម្មការអន្តរក្រសួង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ សូមចូលរួមថែទាំទាំងអស់គ្នា តាមរយៈការមិនដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងមិនកាប់គាស់នាំអោយខូចទ្រង់ទ្រាយផ្លូវជាដើម។

គួរបញ្ជាក់ថា ផ្លូវ គឺជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល (ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដោយរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការអភិវឌ្ឍន៍នូវសរសៃឈាមសេដ្ឋកិច្ចនេះ ដែលក្នុងនោះមាន ផ្លូវជនបទ ផ្លូវជាតិ ផ្លូវល្បឿនលឿន និងស្ពានជាដើម៕