(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វិមានឈ្នះ-ឈ្នះ ជាទីកត់ត្រាទុកនូវកម្រងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជានារយៈពេលចុងក្រោយចុងក្រោយ សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយ បានយល់ដឹងពីដំណើររបស់ជាតិ ដែលបានឆ្លងកាត់ភ្លើងសង្គ្រាម របបប្រល័យពូជសាសន៍ខ្មែរក្រហម ការតស៊ូផ្ដួលរំលំរបបខ្មែរក្រហម ក៏ដូចជាការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ធ្វើឡើងក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ​កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ​ នៃការកសាងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណវិមានឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់វិមានឈ្នះ-ឈ្នះ គឺជាការអបអរសាទរសមិទ្ធផលដែលប្រជាជាតិកម្ពុជាគ្រប់ភាគីរួមគ្នាសម្រេចបាន ក៏ដូចជាការរំឭកនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ឱ្យកូនខ្មែរជំនាន់ក្រោយចងចាំអំពីតម្លៃសន្តិភាព តថភាពជាក់ស្ដែងនៃប្រវត្តិសាស្ត្រ។

សម្ដេចធិបតីបានបន្តថា ប្រសិនបើប្រជាជនមិនចងចាំប្រវត្តិសាស្ត្រទេ ប្រទេសជាតិវិវឌ្ឍទៅមុខមិនល្អនោះទេ ពោលគឺត្រូវមានអត្តសញ្ញាណប្រវត្តិសាស្ត្រមួយដែលច្បាស់លាស់។ ម្យ៉ាងទៀត ការសាងសង់ដោយអ្នកដែលដឹងផ្ទាល់ អ្នកដែលប្រឡូកផ្ទាល់ អ្នកចូលរួមផ្ទាល់ គឺជាកិច្ចការសំខាន់សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងរឿងពិតប្រាកដ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះថា «វិមានឈ្នះ-ឈ្នះសង់ឡើងដើម្បីអ្វី? គឺសង់ឡើងដើម្បីជានិមិត្តរូបនៃសន្តិភាពនៅលើទឹកដីដ៏បវរនៃយើង ហើយឱ្យសន្តិភាពនេះបន្តនៅរៀងរហូត ដើម្បីធានានូវការអភិវឌ្ឍប្រទេសជាតិរបស់យើង»

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារនៅវិមានឈ្នះ-ឈ្នះ សូមបន្តឆ្លាក់រូបភាពដែលបង្ហាញពីសមិទ្ធផលថ្មីៗនៅលើជញ្ជាំងវិមានឈ្នះ-ឈ្នះបន្ថែមទៀត ពីព្រោះនៅលើជញ្ជាំងនេះ ដើរតួនាទីជាតឹកតាងបង្ហាញនូវ សមិទ្ធផលវិជ្ជមានជាច្រើន ពោលគឺមិនមែនចប់នៅត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨នោះទេ គឺនៅមានសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ការចូលចតរបស់នាវាទេសចរណ៍វេស្ទើដាមនាឆ្នាំ២០២០ ដែលពិភពលោកចាត់ទុកកម្ពុជាតូចតែបេះដូងធំ។ ទាំងនេះហើយគឺសមិទ្ធផលសម្រាប់ជាតិ សម្រាប់កូនចៅរបស់កម្ពុជាបន្តមោទនភាព និងបន្តលើកទឹកចិត្តឱ្យពួកគេសម្រេចសមិទ្ធផលបន្តទៅមុខទៀត។ សម្ដេចធិបតីក៏មានក្ដីសង្ឃឹមថា សមិទ្ធផលទាំងអស់នេះនឹងបន្តកសាង ហើយសមិទ្ធផលថ្មីៗនឹងត្រូវបានយកមកឆ្លាក់នៅលើនេះ។

ជាមួយគ្នានោះ សម្ដេចធិបតីបញ្ជាក់បន្ថែមថា «វិមានឈ្នះ-ឈ្នះនេះមិនមែនសម្រាប់លើកតម្កើងអ្នកណា ឬក្រុមណានោះទេ ប៉ុន្តែសម្រាប់កត់ត្រាទុកជាសក្ខីភាព ជាតឹកតាងសម្រាប់កូនខ្មែរទាំងអស់ និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់បានឃើញនូវដំណើរប្រវត្តិសាស្ត្ររបស់កម្ពុជា»