(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពិធីអបអរសាទរខួប នៃការបិទបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ គឺជាកម្មវិធីដ៏មានអត្ថន័យជាប្រវត្តិ សាស្ត្រមិនអាចកាត់ថ្លៃបាន។
សម្តេចធិបតី ថ្លែងបែបនេះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ពេលអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ទូលបង្គំព្រះករុណាខ្ញុំមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញជាអធិបតី អបអរសាទរខួប លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា និងការអនុវត្តដោយ ជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក នៃសុខសន្តិភាព។ ពិធីនេះ ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលរំលឹកនូវការបញ្ចប់សង្គ្រាម ស៉ីវិលរ៉ាំរ៉ៃនៅកម្ពុជា និងការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស ដែលយើងមិនធ្លាប់មានជាង ៥០០ឆ្នាំ ពិធីដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះត្រូវបានរៀបចំឡើងស្របពេលពិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ចូល២០២៤ ក្រោមបរិយាកាសរីករាយ និងស្មារតីជាតិខ្ពស់ ដែលទូលបង្គំព្រះករុណាខ្ញុំ យកឱកាសនេះ ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស ដែលបានចូលរួមអបអរសាទរ នៅក្នុងពិធីដ៏មហោឡារឹកនេះ នៅក្នុងបរិវេណសំណង់ប្រវត្តិសាស្ត្រ ដែលជានិមិត្តរូបនៃសុខសន្តិភាព ឯកភាពទឹកដី និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរ ទាំងមូល ដែលបានកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទុកជាកេរតំណែលប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបានសម្រាប់អ្នកជំនាន់ក្រោយ»។
សូមជម្រាបថា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣) និងខួប៥ឆ្នាំ នៃ ការកសាងវិមានឈ្នះ-ឈ្នះ (២៩ ធ្នូ ២០១៨ - ២៩ ធ្នូ ២០២៣) នៅទីតាំងវិមានឈ្នះ-ឈ្នះ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤។
ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ជាការចងចាំនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ។
ការរៀបចំព្រឹត្តិការណ៍នេះស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំឭកដល់វីរភាព និងគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាព និងជាការបង្កើនការយល់ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការបន្តថែរក្សាស្ថិរភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ៕