(ភ្នំពេញ)៖​ លោក សំម រិទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់បើកការស៊ើបសួរ និងបានសម្រេចចោទប្រកាន់លើក្រុមជនដៃដល់ចំនួន ​០៤នាក់ ពាក់ព័ន្ធយក​ ដាវ.ពូថៅ​ កាប់ប្រហារលើជនរងគ្រោះប្រព្រឹត្តនៅខេត្តកណ្តាល និងរាជធានីភ្នំពេញ កាលពីពេលថ្នីៗនេះ ពីបទ​ (ហិង្សាដោយមានស្ថានទម្ងន់ទោស​) និងបទ (ប៉ុនប៉ងឃាតកម្ម​) តាមមាត្រា​ ២១៨​ .មាត្រា​ ២៧​ និងមាត្រា​១៩៩​ នៃក្រមព្រហ្មទណ្ឌ​។

នេះបើយោងតាមលោក ប្លង់ សុផល​ អ្នកនាំពាក្យស្ថាប័នអយ្យការ បានបញ្ជាក់ប្រាប់ដល់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

ទាក់ទងករណីនេះបើរបាយការសមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩ ៖៣០នាទី កម្លាំងការិយាល័យបានសហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យជាបន្តបន្ទាប់ចំនួន ០៤នាក់ ដែលមានការពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវចំនួន ០៣ដើម និងពូថៅចំនួន ០១ដើមព្រួតគ្នាកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួស) ចំនួន ០២ករណី បញ្ជូនមការិយាល័យដើម្បីសាកសួរតាមនីតិវិធី។

របាយការបញ្ជាក់បន្ថែមថា ករណីទី១ គឺករណិហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវចំនួន ០៣ដើម និងពូថៅ ចំនួន​ ០១ដើម ព្រួតគ្នាកាប់លើជនរងគ្រោះបណ្តាលឲ្យត្រូវថ្ពាល់ខាងឆ្វេងរយៈពីគុម្ពត្រចៀកដល់ចុងរង្វះមាត់ ,ត្រូវកំភួនជើងស្តាំដាច់រយៈដល់ឆ្អឹង រងរបួសជាទម្ងន់សន្លប់បាត់ស្មារតី) ប្រព្រឹត្តនៅចំណុចមាត់ទន្លេ ផ្លូវទន្លេសាប ក្រុម៧ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៣៖១៥នាទី ។

ជនរងគ្រោះមានឈ្មោះ ផល ចាន់វីស ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន វីរៈប៊ុនថាំ រងរបួសធ្ងន់ រយះថ្ពាល់ខាងឆ្វេងរយៈពីគុម្ពត្រចៀកដល់ចុងរង្វះមាត់ ,ត្រូវកំភួនជើងស្តាំដាច់រយៈដល់ឆ្អឹង និងក្បាល រងបួសធ្ងន់សន្លប់បានស្មារតី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (បានព្រួតគ្នាធ្វើសកម្មភាពយកដាវចំនួន០៤ដើម និងរណាចំនួន០១ កាប់ និង អាដៃជនរងគ្រោះបណ្តាលឲ្យរងរបួស និងកាប់បំផ្លិចបំផ្លាញម៉ូតូចំនួន០១គ្រឿង បណ្តាលឲ្យរងការខួចខាត) ប្រព្រឹត្តនៅចំណុចផ្លូវលេខ២១ កែងផ្លូវលេខ១១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៣៖៤០នាទី។

ជនរងគ្រោះ​១៖​ ឈ្មោះ ភាព មករា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ រងរបួសដៃទាំងសងខាង និងក្បាល។ ចំណែកសម្ភារ:ដែលដកហូតបានមានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ(កាំបន្ទះពណ៌ ខ្មៅ) សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GE- ៥៧៩០ (បែកក្បាលម៉ូតូ ,កុងទ័រ និងចង្កៀងខាងក្រោយ)។ ២៖​ ឈ្មោះ ជឹម បញ្ញា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ ស្នាមរងរបួសក្បាល។

ដោយឡែកជនសង្ស័យមានឈ្មោះ ១៖ ហឿន ប៊ុនលាភ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ សិស្ស ទី២៖ ឈ្មោះ ហ៊ុន វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ទី៣៖ ឈ្មោះ ធី ម៉ា ហៅ ឡា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ និងទី៤៖ ឈ្មោះ នូ សុបញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស។

វត្ថុតាងចាប់យកដាវដែកវៀចផ្លែ មានប្រវែង ៥៩សង់ទីម៉ែត្រ ចំនួន ០១ដើម អាវធំក្រណាត់ពណ៌ក្រឡាស ចំនួន ០១ ស្រោមដាវធ្វើពីស្បែកពណ៌សូកូឡាប្រវែងកន្លះម៉ែត្រ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២២ លេខតួ និងលេខម៉ាស៊ីន ៥១៦០៩៨១ ពាក់ផ្លាកលេខកណ្តាល១AP-៥៣០៧ និងម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ (ប្តូរអាវដាក់ពណ៌ស) សេរីឆ្នាំ២០២២ លេខតួ និងលេខម៉ាស៊ីន ៦៣៣៣៧១៩ ពាក់ផ្លាក់លេខកំពង់ធំ 1S-៥៨២៧។

ក្រោយកសាងសំណុំរឿងរួចរាល់ សមត្ថកិច្ចនគបាលព្រហ្មទណ្ធកំរិតស្រាល បានបញ្ជូនជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕