(ភ្នំពេញ)៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះវីដេអូឃ្លីបខ្លីមួយបង្ហាញសកម្មភាពអ្នកទេសចរនាវាវេស្ទើដាមរាំលេងកម្សាន្តមុនពួកគេឡើងនាវាចាកចេញពីកម្ពុជា។
ជាមួយការបង្ហោះវីដេអូនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការសម្រេចចិត្តរបស់សម្តេចអនុញ្ញាតឱ្យនាវានេះចូលចតនៅកម្ពុជា កាលពីជាង៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីប្រទេសច្រើនមិនអនុញ្ញាតឱ្យនាវានេះចូលចតព្រោះខ្លាចការរាតត្បាតជំងឺកូវីដ១៩។
ទន្ទឹមនឹងការរំលឹកបែបនេះ សម្តេចតេជោ ក៏បានលើកជាសំណួរថា ពេលនោះប្រសិនកម្ពុជាមិនឱ្យនាវានេះ ចូលចត តើជីវិតមនុស្សនៅលើវានានេះទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាន នៅរស់ប៉ុន្មាន?
សម្តេចតេជោ បានបញ្ជាក់ថា សំណួរនេះ សម្តេចចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឆ្លើយជាមួយសំណួរនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីទស្សនៈ និងជំហរមុតមាំរបស់សម្តេចថា តាំងពីដើមដល់ចប់សិទ្ធិរស់រានមានជីវិត គឺជាចំណុចសំខាន់ជាងគេ ព្រោះបើស្លាប់ទៅហើយ តើមានសិទ្ធិ និងប្រជាធិបតេយ្យអ្វីទៀត?
សូមរំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ នាវាទេសចរណ៍វេស្ទើដាមជាមួយអ្នកទេសចរ និងអ្នកបម្រើការងារលើនាវាសរុបជាង២ពាន់នាក់ បានតែលតោលលើមហាសាគររយៈពេលប្រមាណជា២សប្តាហ៍ បន្ទាប់ពីកំពង់ផែនៅតាមប្រទេសជារហូតដល់ទៅ៥មិនអនុញ្ញាតឱ្យនាវាចូលចត ក្រោយមានការសង្ស័យថាអ្នកទេសចរលើនាវាកើតជំងឺកូវីដ១៩។
ស្ថានទូតអាមេរិកនៅកម្ពុជា តាមរយៈលោក ស៊ុន ចាន់ថុល ដែលមានឋានៈជាទេសរដ្ឋមន្ត្រីនាពេលនោះ បានស្វះស្វែងសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យនាវានេះចូលចតនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មិនអល់អែកនោះឡើយ ក្រោយទទួលបានសំណើសម្តេចតេជោ បានអនុញ្ញាតឱ្យនាវានេះចូលចតនៅថ្ងៃទី១៣ ខែកុម្ភៈ។ មិនត្រឹមតែអនុញ្ញាតឱ្យចូលចតប៉ុណ្ណោះទេ នៅថ្ងៃទី១៤ ខែកុម្ភៈ មួយថ្ងៃបន្ទាប់ពីនាវាចូលចតហើយនោះ សម្តេចតេជោ បានអញ្ជើញទៅទទួលអ្នកដំណើរចុះពីនាវាដោយផ្ទាល់ អមជាមួយផ្កាកូលាប និងក្រមាថែមទៀតផង។
ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះ នាំឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងកក្រើកលើឆាកអន្តរជាតិ។ ប៉ុន្តែសម្រាប់ក្រុមប្រឆាំងនៅកម្ពុជាពេលនោះ គេមិនស្វាគមន៍ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ ហើយពួកគេថែមទាំងរិះគន់ការសម្រេចចិត្តរបស់សម្តេចតេជោថែមទៀតផង។
ពេលនោះអ្នកទេសចរលើនាវាទាំងអស់មិនត្រូវបានរកឃើញអ្នកកើតជំងឺកូវីដ១៩នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅពេលនោះថា កុំថាឡើយគ្មានអ្នកកើតជំងឺកូវីដ១៩ បើមានអ្នកកើតវិញ សម្តេចរឹតតែត្រូវឱ្យនាវាចូលចតឱ្យបានលឿនថែមទៀត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ កាយវិការប្រកបដោយមនុស្សធម៌របស់សម្តេចតេជោ នាំឱ្យគេប្រសិទ្ធនាមកម្ពុជាថា ជាប្រទេសតូច តែមានបេះដូងធំ គឺបេះដូងពោរពេញដោយមនោសញ្ចេតនា និងការស្រឡាញ់មនុស្សជាតិលើពិភពលោកយ៉ាងធំធេងបំផុត៕