(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ Ma Jun អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តយូណាន នៃប្រទេសចិន។

ជំនួបនារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ លូ បានស្វាគមន៍ដល់គណៈប្រតិភូនៃខេត្តយូណាន ដែលបានចំណាយពេលវេលាធ្វើដំណើរទស្សនកិច្ចសិក្សា នៅលើទឹកដីខេត្តបាត់ដំបង ដើម្បីពិភាក្សារឹតចំណងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខេត្តយូណា នៃប្រទេសចិន និងខេត្តបាត់ដំបង នៃប្រទេសកម្ពុជា ឲ្យមានភាពរឹងមាំ។

លោកបានបន្តថា ខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខាងផ្នែកកសិកម្ម ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ដែលផ្សាភ្ជាប់ទៅនឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគទាំងក្នុង និងក្រៅប្រទេសមកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញកសិផល វារីវប្បកម្ម និងបសុសត្វ។

បើទោះបីខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខាងផ្នែកកសិកម្មក៏ពិតមែន តែការវិនិយោគលើផ្នែកកែច្នៃផលិតផលកសិកម្ម នៅមានកម្រិតនៅឡើយ ដូចនេះត្រូវការអ្នកវិនិយោគជាច្រើនបន្ថែមទៀត ដើម្បីជំរុញផ្នែកការកែច្នៃផលិតផលកសិកម្មដែលមាននៅក្នុងខេត្តបាត់ដំបង។

ជាមួយគ្នានេះ លោក Ma Jun អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តយូណាន នៃប្រទេសចិន បានលើកឡើងថា ខេត្តយូណាន និងខេត្តបាត់ដំបង មានទំនាក់ទំនងយ៉ាងជិតស្និតយូរមកហើយ ហើយមិនត្រឹមតែប៉ុណ្ណោះខេត្តបាត់ដំបង និងខេត្តយូណានមានភាពស្រដៀងគ្នា ទាំងសំណង់អគារបុរាណ ផលិតផលកសិកម្មមួយចំនួនជាដើម។

លោកបានបន្តទៀតថា ខេត្តបាត់ដំបង ជាខេត្តដែលអំណោយផលផ្នែកអាកាសធាតុ ដែលសាកសមសម្រាប់ការធ្វើកសិកម្មនៅលើទឹកដីមួយនេះ ហើយលោកសង្ឃឹមថា ខេត្តបាត់ដំបង និងខេត្តយូណាន នឹងមានចំណងមិត្តភាពផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចកាន់តែរឹងមាំផងដែរ៕