(ព្រៃវែង)៖ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារសាខា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ និងពិធីប្រគល់-ទទួលថវិកាវិភាគទាន សមាជិកភាព និងហិបសង្គ្រោះប្រចាំឆ្នាំ២០២៣ តាមមន្ទីរ អង្គភាព និងអនុសាខាក្រុង ស្រុកទាំង១៣។

លោក សួន សុម៉ាលីន បានកោតសរសើរដល់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា លោក លោកស្រីក្រុមកាកបាទក្រហមកម្ពុជា តាមមន្ទីរអង្គភាព ប្រធានអនុសាខាក្រុង ស្រុកទាំង១៣ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៅគ្រប់មូលដ្ឋាន និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសហការី និងគណៈកម្មាធិការអនុសាខាស្រុក ព្រមទាំងសប្បុរសជនទាំងអស់ ដែលចូលរួមជាថវិកាសមាជិកភាព នាឱកាសនេះ ដើម្បីឲ្យសាខាខេត្តមានលទ្ធភាពបំពេញការងារមនុស្សធម៌បន្តទៀត លើវិស័យអាទិភាពទាំង ៤ ពិសេសជួយដល់គ្រួសារងាយរងគ្រោះ និងរងគ្រោះដោយ សារគ្រោះមហន្តរាយផ្សេងៗ។

លោកបានផ្ដាំផ្ញើសួរសុខពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

បន្ថែមលើសពីលោក ប្រធានគណៈកម្មាធិការសាខា ណែនាំដល់អនុសាខាក្រុង ស្រុក ត្រូវពង្រឹងសមត្ថភាព តាមបែបឌីជីថល លើការងារគ្រប់គ្រង រដ្ឋបាល និងហិរញ្ញកិច្ច និងពង្រីកសមាជិកភាពឱ្យបាន ១ភាគរយ នៃប្រជាជនសរុប ក្នុងអនុសាខារបស់ខ្លួន។ បន្តអនុវត្តយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា២០២១-២០៣០ ត្រូវជ្រើសរើសអ្នកស្ម័គ្រចិត្តភូមិ ក្នុងមួយភូមិ អោយបាន ២នាក់ និងពង្រឹងលើការគ្រប់គ្រងទិន្នន័យអ្នកស្ម័គ្រចិត្តតាមមូលដ្ឋាន និងយុវជនកាកបាទក្រហមកម្ពុជា តាមវិទ្យាល័យ ឱ្យបានល្អ និងរក្សាទិន្នន័យឱ្យបានត្រឹមត្រូវ តាមឆ្នាំនីមួយៗ។

ជាមួយគ្នានេះ លោកបានថ្លែងអំណរអរគុណមន្ទីរ អង្គភាព ក៏ដូចជាសប្បុរសជន បន្តគាំទ្រជាថវិកា ឬសម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។

បើយោងតាមរបាយការណ៍ របស់កាកបាទក្រហមកម្ពុជាខេត្តបានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ ២០២៣ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខាក្រុង ស្រុក បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូន ដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ សរុបបានចំនួន ១,១៨៨គ្រួសារ/នាក់ ស្មើនឹង ២៨៩លើក ក្នុងនោះរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ សរុបចំនួន ៣០៨គ្រួសារ/នាក់ ស្មើនឹង ១៣៣លើក ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ សរុបចំនួន ៨៨០គ្រួសារ ស្មើនឹង ១៥៦លើក  បង្គន់អនាម័យ ចំនួន ១៧បង្គន់ ការងារផ្តល់ជំនួយសុខុមាលភាពសង្គម ចំនួន ២៧គ្រួសារ ស្មើនឹង ២៧លើក និងប្រគល់ផ្ទះបានចំនួន ២៧ខ្នងផ្ទះ។

សាខាក៏បានដាក់នៅផែនការសកម្មភាពអនុវត្តន៍បន្ត រួមមាន៖

*រៀបចំកសាងផែនការសកម្មភាពអប្បបរមា និងផែនការហិរញ្ញវត្ថុ ឆ្នាំ២០២៤
*ត្រៀមឆ្លើយតបគ្រោះមហន្តរាយដែលកើតឡើងឱ្យទាន់ពេលវេលា
*ពង្រឹងសមត្ថភាពស្តីពីការងារគ្រប់គ្រងដល់អនុសាខាក្រុង-ស្រុកទាំង១៣
*បញ្ជ្រាបការអប់រំផ្សព្វផ្សាយស្តីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ បរិស្ថាន
*បញ្ជ្រាបការអប់រំផ្សព្វផ្សាយ ស្តីពីការត្រៀមបង្ការ និងកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយ អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាព និងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន៕