(ភ្នំពេញ)៖ កាពីតែននាវា Westerdam បានរំលឹកថា ដោយសារតែជំងឺកូវីដ១៩ នាវាទាំងមូលធ្លាប់ត្រូវបានបដិសេធដោយកំពង់ផែជាច្រើន លើកលែងតែប្រទេសកម្ពុជា។

លោកបានឲ្យដឹងបែបនេះ ពេលបើកនាវា Westerdam ចូលចត នៅកំពង់ផែ ខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

កាពីតែននាវា Westerdam បានបញ្ជាក់ យ៉ាងដូច្នេះថា «ខ្ញុំមកទីនេះតាំងពីខែកុម្ភៈ ឆ្នាំ២០២០ ហើយកាលៈទេសៈនាពេលនោះគឺខុសគ្នា។ គ្រប់គ្នាដឹងស្រាប់ហើយអំពីប្រវត្តិនៃជំងឺកូវីដ១៩ ហើយយើងជួបបញ្ហាប្រឈមដ៏ធំមួយ ដោយសារយើងមានកប៉ាល់ ដែលពេញដោយអ្នកដំណើរ ហើយពួកគេត្រូវត្រឡប់ទៅផ្ទះវិញ»

លោកបន្តថា «ពួកយើងត្រូវបានបដិសេធដោយកំពង់ផែជាច្រើន លើកលែងតែប្រទេសកម្ពុជា។ រដ្ឋាភិបាលកម្ពុជាបានស្វាគមន៍យើងយ៉ាងល្អនៅពេលនោះ ហើយយើងអាចនាំអ្នកដំណើរទាំងអស់ដែលនៅលើកប៉ាល់ត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ ទៅជួបមនុស្សជាទីស្រឡាញ់របស់ពួកគេ»

ម្យ៉ាងទៀត កាពីតែននាវា Westerdam បន្ថែមថា វាមិនមែនជាកិច្ចការងាយស្រួលទេ សម្រាប់រដ្ឋាភិបាល និងពួកយើង។ លោកគិតថាពួកយើងបានធ្វើការងារដ៏អស្ចារ្យជាមួយគ្នា។ យើងបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ និងល្អណាស់ ហើយយើងបានសម្រេចវាបានជោគជ័យ។

«ខ្ញុំគិតថាយើងគួរមានមោទនភាពចំពោះរឿងនោះ។ អរគុណច្រើន។ មែនហើយ! ប្រហែលជាខ្ញុំនឹងមកលេងម្តងទៀតនៅថ្ងៃសម្រាក»។ កាពីតែននាវា Westerdam គូសបញ្ជាក់។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិកមួយគ្រឿងឈ្មោះ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

នាវានោះមានភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង២.២០០ នាក់ ត្រូវបានបដិសេធមិនឱ្យចូលចតពីប្រទេសចំនួន០៥ ដោយសារតែការភ័យខ្លាច ពីការឆ្លងជំងឺរលាកសួត បង្កដោយ COVID-១៩ ទោះបីជានាវានោះអះអាងថាមិនមានអ្នកដំណើរណាមួយមានឆ្លងជំងឺនេះក៏ដោយដែលធ្វើឱ្យនាវាប្រឈម នឹងការខ្វះស្បៀង ទឹក និងប្រេង៕

'