(ស្ទឹងត្រែង)៖ លោក សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងដោយមានការចូលរួមពីលោក យឹម ផែន អភិបាលរងខេត្តតំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

បើតាមលោក ទុំ នីរ៉ូ បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំនេះ មន្ទីរបានពង្រឹងនិងអភិវឌ្ឍន៍នូវធនធានមនុស្ស ដើម្បីធ្វើឱ្យវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្ត ឈានទៅសម្រេចតាមផែនការ និងទិសដៅរបស់អង្គភាព ដោយមន្រ្តីរាជការ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួង ពិសេសថ្នាក់ដឹកនាំខេត្ត និងកិច្ចសហការល្អពីគ្រប់អាជ្ញាធរ ស្រុក ឃុំភូមិ ស្ថាប័នពាក់ព័ន្ធ អង្គការនានានិងប្រជាកសិករ និងចុះជាប់ជាប្រចាំធ្វើឱ្យវិស័យកសិកម្មឆ្នាំ២០២៣នេះ ទទួលបានលទ្ធផលជាផ្លែផ្កា។

ជាមួយគ្នានោះដែរលោក សេន សុវណ្ណ បានឱ្យដឹងដែរថា ខេត្តស្ទឹងត្រែងជាខេត្តមួយដើតួនាទីយ៉ាងសំខាន់លើវិស័យកសិកម្ម ដែលនៅឆ្នាំ២០២៣នេះ គឺទទួលបានលទ្ធផលល្អប្រសើរ។ លោកក៏បានជម្រុញឱ្យមន្ទីរបន្តយកចិត្តទុកដាក់លើការអភិរក្ស និងអប់រំសហគមន៍នេសាទឱ្យប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព ត្រូវខិតខំផ្លាស់ប្តូរទំលាប់របស់ប្រជានេសាទពីការចាប់ត្រី ទៅជាការចិញ្ចឹមត្រី ហើយរក្សាត្រីកម្រ ដូចជាប្រភែទត្រីបបែល យក្សដែលពិភពលោកទទួលស្គាល់ដោយជម្រុញឱ្យមានជានិត្តិសញ្ញា ដើម្បីទាក់ទាញភ្ញៀវទេសចរ មកទស្សនាកំសាន្ត។

ភ្ជាប់ជាមួយនោះដែរ លោក យឹម ផែន ក៏បានវាយតម្លៃខ្ពស់ដែលថ្នាក់ដឹកនាំនិងមន្ត្រី រាជការនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៣ ដែលវិស័យកសិកម្មនៅតែមានតួនាទីដ៏សំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចជនបទ និងត្រូវបង្កើនការផ្តល់សេវាផ្សព្វផ្សាយ បច្ចេកទេសកសិកម្មដល់កសិករ ការស្រាវជ្រាវ បច្ចេកទេសកសិកម្ម សំដៅបង្កើនទិន្នផល ដំណាំ បង្កើនប្រាក់ចំណេញ ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម៕