(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានអំពាវនាវប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គួរងាកមកទទួលសេវាព្យាបាលនៅតាមមណ្ឌលសុខភាពរដ្ឋវិញ ជាជាងការព្យាបាលប្រថុយប្រថានតាមបែបប្រពៃណី។ ការអំពាវនាវនេះ ធ្វើឡើងគ្រាដែលដឹកនាំមន្ត្រីពាក់ព័ន្ធ និងមន្ទីរជំនាញសុខាភិបាល ចុះពិនិត្យនិងសួរសុខទុក្ខក្រុមគ្រូពេទ្យនៅក្នុងមណ្ឌលសុខភាព ស្វាយចចិប ស្ថិតក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

លោក វ៉ី សំណាង បានថ្លែងថា វិស័យសុខាភិបាលបច្ចុប្បន្នបានក្លាយជាវិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការលើកកម្ពស់ ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ។ ជាមួយនេះពេទ្យក៏បានបំពាក់នូវបរិក្ខាទំនើបទាន់សម័យ រួមផ្សំនិងមន្ត្រីសុខាភិបាលដែលប្រចាំនៅតាមមណ្ឌលនិមួយៗពោរពេញដោយសមត្ថភាព វិជ្ជាជីវៈ បទពិសោធន៍ជំនាញច្បាស់លាស់ ព្រមទាំងឱសថមានគុណភាពផង។

លោក វ៉ី សំណាង បានអំពាវនាវឱ្យពលរដ្ឋបញ្ឈប់ការព្យាបាលផ្សងព្រេង តាមរយៈការប្រើប្រាស់ថ្នាំតាមបែបប្រពៃណីបុរាណ្យនៅក្នុងសហគមន៍ ហើយងាកមករកការព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាពវិញ គ្រាដែលវិទ្យាសាស្ត្រកាន់តែទំនើបនិងទាន់សម័យហើយ។

ជាមួយនោះលោក វ៉ី សំណាង បានណែនាំទៅដល់ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព ស្វាយចចិប ឱ្យយកចិត្តទុកដាក់និងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាដល់ការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ ពិសេសស្ត្រីដែលមានផ្ទៃពោះ ប្រកបដោយគុណភាពនិងប្រសិទ្ធិភាព។ មួយវិញទៀតមណ្ឌលសុខភាពត្រូវតែមានអនាម័យ និងបរិយាកាសល្អដើម្បីធានាដល់ផាសុខភាពរបស់អ្នកដែលមកទទួលសេវាព្យាបាល។

យោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងដែរថា នៅរយៈកាលចុងក្រោយនេះ ប្រជាពលរដ្ឋដែលមកទទួលសេវាមានការកើនឡើងនៅគ្រប់មណ្ឌលសុខភាពទាំង៦០កន្លែង និងមន្ទីរពេទ្យទាំង៤ទូទាំងខេត្ត។ កត្តាដែលធ្វើឱ្យពលរដ្ឋងាកមកទទួលសេវានៅតាមមណ្ឌលសុខភាពរដ្ឋគឺមានកត្តាចំនួន៣ គឺមណ្ឌលសុខភាព បានបើកទ្វារ និងមានក្រុមគ្រូពេទ្យប្រចាំការ២៤លើ២៤ម៉ោង អ្នកជំងឺមកទទួលសេវាម៉ោងណាក៏ជួបពេទ្យដែរ មណ្ឌលមានបរិក្ខានិងថ្នាំពេទ្យគ្រប់គ្រាន់ ពិសេសការព្យាបាលមានគុណភាពនិងប្រសិទ្ធិភាពខ្ពស់៕