(ក្រចេះ)៖​ លោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣​ បានបើកកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ស្តីពីវឌ្ឍនភាពការងារសម្រេចបាន ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៤​ របស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលខេត្ត​ក្រចេះ​ ដោយមានការចូលរួមពី​ មន្ទីរ-អង្គភាពជុំវិញខេត្ត​ និងភាគីពាក់ព័ន្ធជាច្រើន។

លោក អ៊ង់ គឹមភឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន បានឱ្យដឹងថា វិទ្យាស្ថានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន សហគ្រាសក្នុងខេត្តក្រចេះ លើមុខជំនាញទាំង៨ សរុបបាន ១០១កន្លែង ក្រុមហ៊ុនចំនួន ២៧កន្លែង សហគ្រាសចំនួន ៧៤កន្លែង ធ្វើកិច្ចសហប្រតិបត្តិការបានចំនួន ៩១កន្លែង និងចុះ MOU បានចំនួន ១០កន្លែង ហើយជាលទ្ធផលសម្រេចបាន សិស្ស និស្សិត ដែលបានបញ្ចប់ និងកំពុងតែធ្វើការក្នុងវិស័យ TVET និងតាមក្រុមហ៊ុនដែលពាក់ព័ន្ធ ក្នុងខេត្តក្រចេះផងដែរ។

លោក ភឹម ភីរ៉ា បានកោតសរសើរ និងវាយតម្លៃចំពោះវិទ្យាស្ថាន ដែលបានរួមសហការជាមួយមន្ទីរ អង្គភាព និងស្ថាប័នដៃគូគាំទ្រ សំដៅធ្វើឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្តក្រចេះមានភាពរីកចម្រើន សេដ្ឋកិច្ចប្រជាជនមានភាពធូរធារ មានការងារធ្វើមានជំនាញពិតប្រាកដ កាត់បន្ថយការចំណាក់ស្រុករកការងារធ្វើស្របទៅនឹងផែនការ និងគោលនយោបាយ ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលថ្មី។

លោក ភឹម ភីរ៉ា បានបន្ថែមថា រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុវត្តកម្មវិធីនយោបាយ ជាអាទិភាពចំនួន ៦ចំណុច ដោយក្នុងនោះមានរួមបញ្ចូលការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលផ្ដោតជាចម្បង លើការផ្តល់ការបណ្ដុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ ក្នុងអាណត្តិទី៧ សម្រាប់ខេត្តក្រចេះ ៦៣០នាក់ ក្នុងឆ្នាំ២០២៤៕