(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឲ្យចេញស.ជ.ណ កាត់ដីចេញពីសារពើពន្ធ របស់រដ្ឋ០៣កន្លែង ក្នុងខេត្តកំពង់ចាម ជូនប្រជាពលរដ្ឋ ដែលរស់នៅទីនោះយូរមកហើយ។ ដីទាំង៣កន្លែងនោះរួមមាន៖ ទី១គឺដីឃ្លាំងពាណិជ្ជកម្មស្រុកចំការលើ នឹងកាត់ជូនប្រជាពលរដ្ឋចំនួន៦២គ្រួសារ ទី២ដីឃ្លាំងស្រុក ស្រីសន្ធរ គឺកាត់ជូនប្រជាជនចំនួន០២គ្រួសារ, ទី៣ ដីអតីតមណ្ឌលយុទ្ធជនពិការមន្ទីរសង្គមកិច្ចគឺកាត់ជូនប្រជាជនចំនួន២៩គ្រួសារ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងបែបនេះ ខណៈសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តី ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នេះ ។
សម្ដេចតេជោ បានបញ្ជាក់ច្បាស់ប្រាប់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ គឺត្រូវសហការគ្នា ធ្វើការងារនេះ ព្រមទាំងធ្វើប័ណ្ណកម្មសិទ្ធជូនពួកគាត់ឲ្យបានលឿនបំផុត។ នេះជាដំណោះស្រាយភ្លាមៗមិនចាំយូរដែលប្រជាពលរដ្ឋលោកចង់បាន។
សម្តេចតេជោ ក៏បានរំលឹកផងដែរដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបបទល្មើសផ្សេងៗ និងការជួញដូរគ្រឿង ញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈរួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ ឲ្យបានលឿននិងមាន ប្រសិទ្ធភាពបំផុត។ មន្ត្រីត្រូវគិតថាខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា ។ ចំណែក កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវចូលរួម សហការ ដើម្បីប្រមូលពន្ធអោយមានប្រសិទ្ឋភាពខ្ពស់ ដើម្បីពង្រឹងចំណូលថវិកាជាតិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិវឌ្ឍន៍កំពង់ចាមឲ្យ កាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចទៅបាន ដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អមុះមុត និងការទទួលខុសត្រូវ ខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និង ប្រទេសជាតិ ដោយសុទ្ធចិត្ត៕