(ភ្នំពេញ)៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានបង្ហាញចំណាប់អារម្មណ៍ចំពោះវត្តមានជាថ្មី នៃនាវាខ្នាតយក្ស SM Westerdam មកកាន់ប្រទេសកម្ពុជា ដែលធ្វើឱ្យយើងចងចាំគុណូបការៈ និងទឹកចិត្តដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ហេង សំណាង បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះទៀតថា «កំឡុងពេលផ្ទុះជំងឺកូវីដ១៩ ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នាវា MS Westerdam នេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកទេសចរចម្រុះជាតិសាសន៍រាប់ពាន់អ្នកដែលជាប់នៅលើនាវានេះ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធមិនឲ្យចូលចត ក្រោមហេតុផលមេរោគកូវីដ-១៩ ទន្ទឹមនឹងមានបណ្តាលប្រទេសមួយចំនួនគេបានបដិសេធ ពេលនោះហើយវាគឺជារឿងមិនគួរឲ្យជឿសម្រាប់ពិភពដែលថា កម្ពុជាតូច បេះដូងធំ»

លោក ហេង សំណាង បានបន្ថែមថា ក្រោយពីរការសម្រេចចិត្តជម្នះរបស់សម្តេចតេជោ ដែលពិភពលោកកំពុងស្ថិតក្នុងស្ថានការណ៍ដ៏លំបាក ផ្ទុយទៅវិញរាជរដ្ឋាភិបាលកម្ពុជា និតីកាលទី៦ បានអនុញ្ញាតឲ្យនាវា MS Westerdam ដោយគ្មានការស្ទាក់ស្ទើរ ចូលចតដល់កំពង់ផែក្រុងព្រះសីហនុ។

ពេលនោះអ្នកទេសចរនៅលើនាវានេះ បានរីករាយរហូតអ្នកខ្លះស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា ថែមទាំងធ្វើការទំនុកបម្រុងកន្លែងស្នាក់នៅ ម្ហូបអាហារ ថែទាំសុខភាព ថ្នាំសង្កូវ ជាដើម ពិសេសសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន ធ្វើឲ្យកិត្យានុភាពប្រទេសកម្ពុជាល្បីល្បាញលើពិភពលោកជាប់ឈ្មោះជា (ប្រទេសតូចតែបេះដូងធំ)។

លោក ហេង សំណាង បានបញ្ជាក់ទៀតថា ដូចនេះយើងទាំងអស់គ្នា បានចងចាំជានិច្ចនូវគុណូបការៈ ដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមជាច្រើនដែលឥតគណនាបាន ពិសេសសម្តេចបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រកបដោយគតិបណ្ឌិត ដើម្បីប្តូរជូនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល និងបន្តធានាបាននូវស្ថិរភាពជារៀងដរាប៕