(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០២៣ រាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងចំនួន ១,៧៧៧អគារ។ នេះបើតាមរបាយការណ៍សរុបលទ្ធផលការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

របាយការណ៍បានបញ្ជាក់ថា បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងដំណើរការសាងសង់ ក្នុងរាជធានីភ្នំពេញ។

របាយការណ៍បានបន្តថា «នៅរាជធានីភ្នំពេញ មានសំណង់បុរីចំនួន៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១,៧៧៧អគារ និងបានពិនិត្យលើឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ ក្នុងគម្រោងថ្មីចំនួន៥៣៦គម្រោង លើផ្ទៃក្រឡាសំណង់សរុប២៦៩,១៦៦ម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ១៣២លានដុល្លាអាមេរិកបន្ថែមទៀត»

ដោយឡែក រោងចក្រវិនិយោគក្នុងរាជធានីភ្នំពេញមានចំនួន ៧៦៣រោងចក្រ ក្នុងនោះរោងចក្រដែលបានស្នើសុំចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញមានចំនួន ៨១រោងចក្រ កើនឡើង១៨រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផលសរុប៦,៥៩៣លានដុល្លារ គឺកើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ២១៨ភាគរយ បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុបក្នុងឆ្នាំ២០២២កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណ វិជ្ជមាន នៃការវិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យនារយៈពេល២ឆ្នាំចុងក្រោយនេះ៕