(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិទូទាំងប្រទេស នាឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០២៤ ដែលនឹងឈានមកដល់នាពេលខាងមុខ។ នេះបើតាមសារលិខិតជូនពរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈសារលិខិតជូនពរនេះ នាយឧត្តមសេនីយ៍ ស ថេត សូមជូនពរថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អប់រិបូរណ៍ កម្លាំងពលំមាំមួន រស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល និងសូមជូនពរដល់ បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ឬគេហដ្ឋាន សូមឆាប់ជាសះស្បើយបានវិលត្រឡប់ មករួមរស់ជាមួយក្រុមគ្រួសារ និងបំពេញការងារនៅអង្គភាពវិញ។

រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិបានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតីអនុវត្តភារកិច្ចស្នូលយ៉ាងខ្ជាប់ខ្ជួន ចូលរួមការពារសន្តិភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសកិច្ចការពារដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការលើកទី១២ ឆ្នាំ២០២៣ ក៏ដូចជាំព្រឹត្តិការណ៍ ជាតិ-អន្តរជាតិជាច្រើនទៀត ឲ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងភាពជោគជ័យ ដែលជាការរួមចំណែក ដ៏ឧត្ដុង្គឧត្តមក្នុងការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ សូមថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុសន្តិសុខ សុវត្ថិភាពសង្គម និងសូមដាស់ តឿនក្រើនរំលឹកដល់បងប្អូនកងកម្លាំងទាំងអស់ សូមបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសព្រឹត្តិការណ៍សំខាន់ៗ ក្នុងឆ្នាំ២០២៤ ដែលសុទ្ធសឹងជាភារកិច្ចមិនអាចកាត់ផ្តាច់ចេញពីការចូលរួមចំណែក ពីសំណាក់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេស ហើយក៏ទាមទារឲ្យមានការត្រៀមខ្លួន និងរៀបចំផែនការប្រតិបត្តិការច្បាស់លាស់បម្រុងទុកជាមុន ផងដែរ។

ទន្ទឹមនេះក៏សូមណែនាំឲ្យកងកម្លាំងទាំងអស់ បន្តធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់ស្មារតី អនុវត្តច្បាប់ ជាពិសេសសូមគាំទ្រលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិទាំងអស់ ឲ្យបន្តកិច្ចខិតខំ ប្រឹងប្រែងបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្ដេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ នឹងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ និងមានមនសិការ វិជ្ជាជីវៈខ្ពស់។

នាឱកាសដ៏មហានក្ខត្តឫក្សនេះ ក្នុងនាមអគ្គស្នងការនគរបាលជាតិ និងក្នុងនាមខ្លួនលោកផ្ទាល់ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គលវិបុលសុខ គ្រប់ប្រការជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕