(សៀមរាប)៖ ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បី ជួញដូរមនុស្ស» ដោយមានកិច្ចសហការគាំទ្រពីគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប និងរដ្ឋបាលសាលាស្រុកពួក និងអង្គការដៃគូជាតិ-អន្តរជាតិ។

ពិធីនេះដែរបានប្រព្រឹត្តធ្វើនៅបរិវេណសាលាស្រុកពួក ក្រោមអធិបតីលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រី ការិយាល័យជុំវិញស្រុក កងកម្លាំងទាំងបី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម តំណាងអង្គការជាដៃគូរ និងប្រជាពលរដ្ឋជាច្រើនផង​ដែរ។

ទិវាជាតិ១២ធ្នូ តែងតែប្រារព្ធឡើងដើម្បីជាយុទ្ធនាការរួមគ្នា ក្នុងការបង្កើននូវប្រព័ន្ធសុវត្ថិភាព សម្រាប់ការពារប្រជាពលរដ្ឋឲ្យរួចផុតពីភាពរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងទស្សនវិស័យបន្តរក្សាសន្តិភាព សមភាព យុត្តិធម៌ និងការអភិវឌ្ឍផង​ដែរ។

ថ្លែងក្នុងពិធីនេះលោកស្រី យូ សុភា បាន​លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារឲ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ កាន់តែទូលំទូលាយ និង ការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយថាមពល និងសក្តានុពល។

លោកស្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រឹដ្ឋដទៃទៀត ដែលបាននឹងកំពុងតែយាយីបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាបានបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិ យ៉ាងធ្ងន់ធ្ងរផងដែរ។

លោកស្រី យូ សុភា បានបន្តថា អំពើជួញដូរមនុស្ស និងរំលោភសិទ្ធិមនុស្ស ដែលជាសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលបានធ្វើប៉ះពាល់ដល់កម្ពុជានិងពិភពលោក កម្ពុជាបានដើរតួយ៉ាងសំខាន់ក្នុងការលុបបំបាត់ ទប់ស្កាត់ ក៏ដូចជាការបង្ការអំពើជួយដូរមនុស្ស។ ជាក់ស្តែងនៅក្នុងស្រុកពួក ខេត្តសៀមរាប ក៏មានពលករបានចាញ់បោកបញ្ឆោតរបស់ជនខិលខូច (ដែលជាមេខ្យល់) ឲ្យបនរជាពលរដ្ឋធ្វើចំណាកស្រុកខុសច្បាប់ និងស្របច្បាប់ ដែលជាហានីភ័យខ្ពស់ត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្ម និងមួយចំនួនទៀត ត្រូវបានគេធ្វើការលក់ដូរពីមួយទៅមួយទៀត រហូតមានការបាត់បង់ជីវិតផងដែរ។

លោកស្រីបានបន្តទៀតថា ប្រទេសនីមួយៗ បានខិតខំបង្កើតឲ្យមានច្បាប់ គោលនយោបាយយន្តការជាតិយុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រជំនាញដ៏សម្បូរបែប ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ក៏ប៉ុន្តែ នៅតែមានជនរងគ្រោះកាន់តែច្រើនឡើងៗ ដែលបាននឹងកំពុងរងទុក្ខវេទនា ដោយការធ្វើទុក្ខបុកម្នេញ និងកេងប្រវ័ញ្ចពីឧក្រឹដ្ឋជនជាដើម។ (រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តក្នុងការប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលតែងតែបាន និងកំពុងញាំញីបំផ្លិចបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូ ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ)។

លោកស្រី ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់ សហការជាមួយគ្នាធ្វើការផ្សព្វផ្សាយ និងអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបាន និងកំពុងកើតមាននាពេលបច្ចុប្បន្ននេះ ជាពិសេសការជួញដូរដែលធ្វើឡើងតាមរយៈទេសន្តរប្រវេសន៍ និងប្រព័ន្ធអនឡាញ។

លោកស្រីបានបញ្ជាក់ថា អំពើជួញដូរមនុស្ស និងរំលោភសិទ្ធិមនុស្ស ដែលជា សេចក្តីថ្លៃថ្នូររបស់មនុស្ស បានធ្វើប៉ះពាល់ដល់កម្ពុជា និងពិភពលោក កម្ពុជាដើរតួយ៉ាងសំខាន់ក្នុងការលុបបំបាត់ ទប់ស្កាត់ ក៏ដូចជាការបង្ការអំពើជួយដូរមនុស្សទាំងនោះ។ ម៉្យាងទៀត រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ដោះស្រាយជីវភាព តាមរយៈការបង្កើតការងារ មុខរបរខ្នាតតូច និងមធ្យម ការបង្កើនផលិតភាពកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្នផង​ដែរ៕