(ភ្នំពេញ)៖ អង្គការសកម្មភាពដើម្បីកុមារ (APLE) នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំបច្ចេកទេស ស្ដីពី យន្ដការរាយការណ៍ និងបញ្ចូនករណីពាក់ព័ន្ធនឹងអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារ លើប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះ រៀបចំឡើង នាសណ្ឋាគារ SUN and MOON រាជធានីភ្នំពេញ។

កិច្ចប្រជុំបច្ចេកទេសនេះ មានការអញ្ជើញចូលរួមជាសិក្ខាកាមពីលោក លោកស្រី អ្នកនាង កញ្ញា មកពីក្រសួងមហាផ្ទៃ, ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធើណិត និងអ្នកបង្កើតមាតិកាតាមប្រព័ន្ធអនឡាញ ឬបណ្ដាញទំនាក់ទំនងសង្គម ដែលកំពុងពេញនិយម សរុប៣០នាក់។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងស្របតាមផែនការសកម្មភាព របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (CNCC) និងផែនការរបស់អង្គការសកម្មភាពដើម្បីកុមារ ក្នុងការឆ្លើយតបទៅនឹងអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារ លើប្រព័ន្ធអនឡាញ។

លោក ណេង វណ្ណៈ ប្រធានសម្របសម្រួលកម្មវិធីអង្គការ APLE បានឲ្យដឹងថា គោលបំណង នៃកិច្ចប្រជុំបច្ចេកទេសនេះ គឺដើម្បីពិភាក្សា និងកំណត់រកការអនុវត្ដល្អ នៃការរាយការណ៍ និងបញ្ជូនករណី ពាក់ព័ន្ធនឹងអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារ លើប្រព័ន្ធអនឡាញ។

ក្នុងឱកាសនោះ លោក សំលៀង​ សីលា នាយកប្រតិបត្ដិអង្គការ APLE បានធ្វើបទបង្ហាញអំពីទិដ្ឋភាពបច្ចុប្បន្ន នៃការកេងប្រវ័ញ្ចផ្លូវភេទ កុមារលើអ៊ឺនធើណិត និន្នាការដែលកំពុងលេចឡើង និងបញ្ហាប្រឈមក្នុងការរាយការណ៍ និងយន្ដការបញ្ជូនបន្ដ៖ គូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហការក្នុងចំណោមទីភ្នាក់ងារពាក់ព័ន្ធ។

សូមជម្រាបថា កិច្ចប្រជុំបច្ចេកទេស ស្ដីពី យន្ដការរាយការណ៍ និងបញ្ចូនករណីពាក់ព័ន្ធនឹងអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារ លើប្រព័ន្ធអនឡាញនេះ ទទួលបានការឧបត្ថម្ភថវិកាពីអង្គការដែនដីមនុស្សហូឡង់ដ៍ ប្រចាំកម្ពុជា និងមូលនិធិ End Violence Against Children តាមរយៈអង្គការយូនីសហ្វកម្ពុជា (UNICEF Cambodia)៕