(កណ្ដាល)៖ លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល នៅសាលាប្រជុំសាលាខេត្តកណ្ដាល និងដោយមានការចូលរួមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមទាំងគណៈប្រតិភូ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះដែរលលោកឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំឱ្យរដ្ឋបាលខេត្ត, មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដោយមានកិច្ចសហការគ្នាល្អជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្តកណ្ដាល បន្តយកចិត្តទុកដាក់លើកិច្ចការអាទិភាពមួយចំនួនដូចខាងក្រោម៖

ទី១៖ ចូលរួមអនុវត្តគោលនយោបាយអាទិភាព និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល។
ទី២៖ ការពារសន្តិភាព ពង្រឹងខឿនសន្តិសុខជាតិ និងរក្សាស្ថិរភាព សន្តិសុខផ្ទៃក្នុងឱ្យបានរឹងមាំ។
ទី៣៖ បន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
ទី៤៖ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។
ទី៥៖ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។
ទី៦៖ ពង្រឹងនិងលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ។
ទី៧៖ ពង្រឹងការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ទី៨៖ លើកកម្ពស់ការផ្ដល់សេវាសាធារណៈ។
ទី៩៖ ពង្រឹងការអនុវត្តកម្មវិធីវិមជ្ឈការនិងវិសហមជ្ឈការ។
ទី១០៖ ពង្រឹងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចក្នុងមូលដ្ឋានខេត្ត។
ទី១១៖ ពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍន៍តាមតំបន់ព្រំដែន។
ទី១២៖ ពង្រឹងរបៀបរបបការងារ ដោយផ្ដោតទៅលើការយកចិត្តទុកដាក់ ។

បន្ថែមពីនេះលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត, គណ:អភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពក្នុងខេត្ត, មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្ដាល ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើនគួរជាទីមោទន។

សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាល គឺជាវេទិកាដ៏មានសារៈសំខាន់ថ្នាក់ខេត្ត ដែលនឹងផ្តល់ឱកាសជូន លោក លោកស្រី សមាជិក សមាជិកានៃអង្គសន្និបាត ពិសេសថ្នាក់ដឹកនាំមូលដ្ឋានចូលរួមពិនិត្យ និងឆ្លុះបញ្ចាំងលើការងាររបស់រដ្ឋបាលខេត្ត ក៏ដូច ជាការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយឈ្លាសវៃ និងមុតស្រួចរបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕