(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញសម្ពោធឆ្លងអគារ​មត្តេយ្យសិក្សា​១​ខ្នង​ ២​បន្ទប់​ និងសមិទ្ធផលនានា​ក្នុងសាលាបឋមសិក្សា​ ព្រៃស្នៀត​ ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ដែលចំណាយថវិកាសាងសង់អស់ទឹកប្រាក់ជិត ៦ម៉ឺនដុល្លាអាមេរិក។

ថ្លែងនៅក្នុងពិធីសម្ពោធឆ្លងអគារ​មត្តេយ្យសិក្សា​១​ខ្នង​ ២​បន្ទប់​ និងសមិទ្ធផលនានា​ នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ លោក សួន សុម៉ាលីន បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រៃវែង មានភាពរីកចំរើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់។ ទាំងនេះស្តែងឲ្យឃើញពីស្ថានភាពដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាពតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញឲ្យកម្ពុជាមានឱកាសក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរូបវន្ត ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរហូតសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលជាង២ទស្សវត្សរ៍នេះ។

លោកអភិបាលខេត្ត បន្តថា ជាមួយនេះរដ្ឋបាលខេត្ត បានយកអស់កម្លាំងកាយកម្លាំងចិត្ត រិះរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីប្រែក្លាយទឹកដីខេត្តមួយនេះទៅជាគោលដៅអភិវឌ្ឍពេញលេញ ក្នុងន័យលើកកម្ពស់កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្ត បានបានងះអាងថា សន្តិភាពដែលមានសព្វថ្ងៃគឺឆ្លងកាត់ការពលីកម្មច្រើនណាស់ ដូចនេះយើងទាំងអស់គ្នាត្រូវរក្សាសន្តិភាព នេះឱ្យបានគង់វង្ស ដើម្បីឱ្យប្រទេសយើងមានការអភិវឌ្ឍន៍រីកចំរើនតទៅមុខទៀត។ 

លោកអភិបាលខេត្ត បានបន្តថា ដោយសារតែការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ការបង្ខិតសេវាទៅដល់ថ្នាក់ឃុំ-សង្កាត់ ធ្វើឱ្យឃុំ-សង្កាត់មានការរីកចំរើនដោយមើលឃើញថានៅជនបទ និងនៅទីប្រជុំជនមានផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវលំខ្វែងខ្វាត់ មានការផ្លាស់ប្ដូរ និងការអភិវឌ្ឍន៍ មន្ត្រីរាជការនៅមូលដ្ឋានឱ្យក្លាយជាមន្ត្រីមានសមត្ថភាពពេញលេញក្នុងការបម្រើប្រជាពលរដ្ឋ។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលនីតិ កាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព ពិសេសអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានរក្សាសុខសន្តិភាព កំណើសេដ្ឋកិច្ច ការរអភិវឌ្ឍន៍ប្រទេសជាតិ និងរក្សាឧត្តមប្រយោជន៍ប្រជាជន ជាក់ស្តែងសមិទ្ធផលដែលសម្ពោធនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ឃុំព្រៃស្នៀត ក្នុងការបំពេញតម្រូវការចាំបាច់ក្នុងការសិក្សារបស់សិស្សសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស យ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស។

ក្នុងឱកាសនោះដែរ លោក ចេម ប្រា អភិបាលស្រុកពារាំង បានឲ្យដឹងថា ការសាងសង់អគារមេត្តយ្យសិក្សាព្រៃស្នៀត ១ខ្នង ២បន្ទប់ ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រៃស្នៀត និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាព្រៃស្នៀត ឃុំព្រៃស្នៀត ចាប់ផ្ដើម សាងសង់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ហើយត្រូវបានកសាងរួចរាល់ជាស្ថាពរនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដែលកើតឡើងពីកម្លាំងសាមគ្គី និងសប្បុរសជនមួយចំនួនទៀត ក្រោមការយកចិត្ត ទុកដាក់របស់លោកប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃស្នៀត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចំណាយថវិកាអស់ ៥៧.១៥០ ដុល្លា។

ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់យុវជន ស.ស.យ.ក កាកបាទក្រហម កាយរិទ្ធ ៦០នាក់ ក្នុងម្នាក់ៗ ១ ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ចំនួន ៣២នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល, គ្រូពេទ្យ ៥នាក់ក្នុងម្នាក់ៗ ២ ម៉ឺនរៀល ,ឧបត្ថម្ភរដ្ឋបាលស្រុក ចំនួន ៥០ម៉ឺនរៀល, ឧបត្ថម្ភសាលារៀនពីសាលាក្នុងមួយសាលាទទួលបានថវិកា៥០ម៉ឺនរៀល, យាយជីតាជី ១០ នាក់ក្នុងម្នាក់ៗ ក្រណាត់ ស មួយដុំ ថវិកា១ ម៉ឺនរៀល, សិស្សានុសិស្សចំនួន ៦២៤នាក់ ម្នាក់ៗ សៀវភៅ ប៊ិច និងថវិកា ៥ពាន់រៀលផងដែរ៕