(មណ្ឌលគិរី)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានចុះពិនិត្យវឌ្ឍនភាពជាក់ស្តែងវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកអូរតេ និងទំនប់អាងទឹកទំនប់លើទំនប់ក្រោម ស្ថិតក្នុងភូមិសាស្ត្រស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សូមជម្រាបថា ការចុះពិនិត្យវឌ្ឍនភាពការងារក្នុងខេត្តភូមិភាគឦសាននាពេលនេះ ក៏មានការចូលរួមពីលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំមន្ត្រីជំនាញបច្ចេកទេសក្រសួង មន្ទីរធនធានទឹកនិងឧតុនិយម និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា កិច្ចការកសាងអាងទឹកដ៏ធំទាំងពីរនេះជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹកនិងឧតុនិយម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យបម្រើដល់សេចក្តីត្រូវការរបស់ខេត្តក្នុងតំបន់ភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី និងដើម្បីបញ្ជៀសពីហានិភ័យនៃគ្រោះមហន្តរាយទាំងឡាយដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា បណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ ជាពិសេសធ្វើឱ្យបណ្តាខេត្តភូមិភាគឦសានបង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្មមាន ដំណាំម្រេច ធុរេន ម្នាស់ជាដើម និងបង្កើតបាននូវបរិស្ថានបៃតងគ្រប់ពេលវេលា ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសចុះត្រួតពិនិត្យនេះ លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេសឱ្យបន្តនូវកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងគ្រប់ភាគីពាក់ព័ន្ធដោយធ្វើយ៉ាងណាឱ្យការងារគម្រោងនេះសម្រេចបានជោគជ័យប្រកបដោយគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។

គួរបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧតុនិយម ដោយទទួលបាននូវការគាំទ្រនិងកិច្ចសហប្រតិបត្តិការដ៏ល្អពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសាងសង់អាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន១២លានម៉ែត្រត្រីគុណ ជាទឹករស់សម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា៕