(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន៥៣១/៥៦៣ករណី ថយចុះ៣២ករណី ស្មើនឹង៥.៧% ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះសរុបចំនួន៤៥៩ករណី ស្មើនឹង៨៦.៤៤%នៃចំនួនបទល្មើសរួម ដែលនេះបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ សុខសុវត្ថិភាពនិងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសកាន់តែមានប្រសិទ្ធភាពរបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច។

ការងារកិច្ចការច្បាប់ និងការដោះស្រាយវិវាទមូលដ្ឋាន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ និងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៩១ ករណី ក្នុងនោះសំណុំរឿងចំនួន៣៤ករណីបានដោះស្រាយចប់សព្វគ្រប់ និងសំណុំរឿងចំនួន៥៧ករណីទៀតកំពុងពិនិត្យ និងបញ្ជូនទៅអង្គភាពពាក់ព័ន្ធដើម្បីដោះស្រាយ។

បានអនុវត្តដោយជោគជ័យនូវគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) រាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោងថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមឥណទានរបស់ធនាគារពិភពលោក និងដឹកនាំអនុវត្តដោយក្រសួងមហាផ្ទៃ។ គិតមកទល់ពេលនេះ គម្រោងបានអនុវត្តអស់រយៈពេល៦ឆ្នាំ (២០១៨-២០២៣) និងបានបិទបញ្ចប់គម្រោងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះទាំងអនុសកម្មភាពទី១ និងអនុសកម្មភាពទី២ ត្រូវបានអនុវត្តចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុក
ហើយឆ្លងតាមកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាឆ្លុះបញ្ចាំងជាបន្តបន្ទាប់ គម្រោងនេះត្រូវបានក្រសួង-ស្ថាប័នថ្នាក់ជាតិ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ គោលដៅវាយតម្លៃថាពិតជាបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួនប្រមាណ៥៦,៦៧៧នាក់ និងដោយប្រយោលប្រមាណ២២ម៉ឺននាក់។

បានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញសរុបចំនួន៦៥,៦៩៨សេវា ពោលគឺជាមធ្យមមានប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានីភ្នំពេញចំនួន១៨០សេវាក្នុងមួយថ្ងៃ និងទទួលបានចំណូលថវិការដ្ឋចំនួនជិត២៧ពាន់លានរៀល ឬស្មើនឹងប្រមាណ៦.៥៨នដុល្លាអាមេរិក។

ចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរតាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបន្តកើនឡើងវិញគួរឱ្យកត់សម្គាល់ស្របតាមគោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាល ក្នុងនោះជើងហោះហើរសរុបមានចំនួន៨,៧៤០ជើង កើនឡើង៣១.៦៤% និងអ្នកដំណើរសរុបមានចំនួន១,៥៤៣,២៦៩នាក់ កើនឡើង១០៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២កន្លងទៅ។

បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ ក្នុងនោះនៅរាជធានីភ្នំពេញមានសំណង់បុរីចំនួន៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន១,៧៧៧អគារ និងបានពិនិត្យលើឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន៥៣៦គម្រោង លើផ្ទៃក្រឡាសំណង់សរុប២៦៩,១៦៦ម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ១៣២លានដុល្លាអាមេរិកបន្ថែមទៀត។

ដោយឡែក រោងចក្រវិនិយោគក្នុងរាជធានីភ្នំពេញមានចំនួន៧៦៣រោងចក្រ ក្នុងនោះរោងចក្រដែលបានស្នើសុំចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញមានចំនួន៨១រោងចក្រ កើនឡើង១៨រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផលសរុប៦,៥៩៣លានដុល្លាអាមេរិក គឺកើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុបក្នុងឆ្នាំ២០២២កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យនារយៈពេល២ឆ្នាំចុងក្រោយនេះ។​ 

ទន្ទឹមនឹងសមិទ្ធផល និងស្នាដៃការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដែលត្រូវទទួលខុសត្រូវ ដូច្នេះក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ បានឯកភាពគ្នាលើកយកទិសដៅការងារ និងបញ្ហាប្រឈមថ្មីៗ ដើម្បីរៀបចំជាប្រធានបទ សម្រាប់ការពិភាក្សានៅក្នុងអង្គសន្និបាតនេះ ដោយសម្រេចបែងចែកជាក្រុមពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន៤៖

ទី១៖ ការបង្ការ បង្ក្រាប និងលុបបំបាត់ការធ្វើចរាចរ និងប្រើប្រាស់គ្រឿងញៀន។
ទី២៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកប ទៅនឹងបញ្ហាឈាម ដោយតម្លាភាព
ទី៣៖ យន្តការផ្តល់ជំនួយសង្គមជូនប្រជាពលរដ្ឋក្រីក និងជនងាយរងគ្រោ
ទី៤៖ ការពង្រឹងគុណភាពអប់រំនៅរាជធានីភ្នំពេញ។

ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការចង្អុលបង្ហាញជាប់ជា ប្រចាំរបស់លោកអភិសតិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តខិតខំយកចិត្តទុកដាក់ និងបំពេញតួនាទីយ៉ាងសកម្ម ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍រដ្ឋបាលឯកភាព នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារសំខាន់ៗ គួរជាទីមោទនៈ ពិសេសក្នុងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម នៅគ្រប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការកែលម្អអនាម័យ-បរិស្ថាន ការផ្តល់សេវាសាធារណៈ និងការងារកំណែទម្រង់តាមវិស័យ ដែលជាផ្នែកមួយជួយជំរុញដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានជាវិជ្ជមានខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងព្យាយាមបន្តប្រមូលផ្តុំកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីបន្តគ្រប់គ្រង និងដោះស្រាយឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត លើការងារអាទិភាពសំខាន់ៗ ពិសេសការបំពេញតួនាទីភារកិច្ចក្នុងនាមជា អ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសមធម៌៕