(កំពត)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលដីល្បាយគ្រួស ចំនួន ២ខ្សែ និងលូ ស្ថិតស្រុកជុំគីរី ខេត្តកំពត។

ក្នុងពេលដឹកនាំក្រុមការងារ គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃលើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ២ខ្សែ និងលូនេះ, លោកបណ្ឌិត នួន ដាញ៉ិល បានថ្លែងថា ផ្លូវមួយខ្សែនេះ ពិតជាបានចូលរួមយ៉ាងច្រើន ក្នុងការជួយលើកម្ពស់កម្រិតជីវភាព របស់ពលរដ្ឋក្នុងតំបន់នោះ ដែលមានទាំងការដឹកជញ្ជូនកសិកផល ទៅលក់នៅទីផ្សារ ក៏ដូចជាដឹកទំនិញផ្សេងៗ ទៅកាន់ទីប្រជុំជន។

លោកបានបន្តថា មិនត្រឹមប៉ុណ្ណោះ ផ្លូវនេះក៏នឹងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការដឹកជញ្ជូន នូវភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅតាមនានាក្នុងខេត្តកំពត ក៏ដូចជាបង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន។

លោករដ្ឋលេខាធិការ បានបន្ថែមថា មួយវិញទៀត ផ្លូវមួយខ្សែនេះ ក៏នឹងអាចជួយសម្រួលផងដែរ ដល់ការអភិឌ្ឍន៍សមិទ្ធផលផ្សេងៗទៀត នៅក្នុងមូលដ្ឋានឃុំតាសៀម និងងាយស្រួល ក្នុងការនាំយកពលរដ្ឋដែលមានជំងឺទៅកាន់មន្ទីរពេទ្យ នៅទីប្រជុំជន ឬទីរួមស្រុកជុំគីរី និយាយរួម គឺបានជួយកាត់បន្ថយច្រើន ដល់ការចំណាយរបស់ពលរដ្ឋ។

គម្រោងទាំង២នេះរួមមាន៖

*គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយគ្រួសចំនួន ១ខ្សែ ប្រវែង ៤,៤០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ១កន្លែង លូមូលមុខពីរ ចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៥កន្លែង ស្ថិតនៅភូមិខ្ពបុរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត (DRR-NC-2022-No.045) ។

*គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយគ្រួសចំនួន ១ខ្សែ ប្រវែង ៥,១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូប្រអប់មុខពីរចំនួន ១កន្លែង និងលូមូលមុខ មួយចំនួន ៤កន្លែង ស្ថិតនៅភូមិខ្ពបុរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត (DRR- NC-2023-No.023) អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលប្រើប្រាស់ថវិកាជំពូក២១។

ក្នុងឱកាសនោះ ក្រុមការងារគណៈកម្មការអន្តរក្រសួង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ សូមចូលរួមថែទាំទាំងអស់គ្នា តាមរយៈការមិនដឹកជញ្ជូនលើសទម្ងន់ និងមិនកាប់គាស់ផ្លូវជាដើម។

គួរបញ្ជាក់ថា ផ្លូវ គឺជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល (ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដោយរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការអភិវឌ្ឍន៍នូវសរសៃឈាមសេដ្ឋកិច្ចនេះ ដែលក្នុងនោះមានទីផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវលំជនបទ និងស្ពានជាដើម៕