(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មតាមផែនការមេ និងប្រតិទិនដែលបានគ្រោងទុក។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធី ចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.ប។ ពិធីនេះមានការនិមន្តចូលរួមពី សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជតំណាងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយនៃកម្ពុជា សម្តេចព្រះពុទ្ធរ័ត្នរាជវង្សា កែវ ឌីម៉ង សមាជិកគណៈសង្ឃនាយកនៃគណៈ ធម្មយុត្តិកនិកាយ ព្រះរាជតំណាងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃកម្ពុជា ព្រមទាំងក្រុមការ និងភ្ញៀវជាតិ អន្តរជាតិ ជាច្រើននាក់។

លោក ប្រាជ្ញ ចន្ទ បានបន្តថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បានបញ្ចប់រួចហើយ ដោយមានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង រួមមាន៖ ១៖ គណបក្សប្រជាជនកម្ពុជា ២៖ គណបក្ស ឆន្ទៈខ្មែរ ៣៖ គណបក្ស កម្លាំងជាតិ និង៤៖ គណបក្សហ៊្វុនស៊ិនប៉ិច។ រីឯការចុះឈ្មោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត បានទទួលរួចនូវបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ក្នុងតំណែង ដែលមានអ្នកបោះឆ្នោតសរុប ១១,៧៤៧ នាក់។

លោកបន្តថា ផ្អែកតាមប្រតិទិននៃការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងបម្រើឱ្យការប្តឹងតវ៉ា ឬប្តឹងជំទាស់ បន្ទាប់មក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៨ ខាងមុខនេះ។

ប្រធានគ.ជ.ប បានបញ្ជាក់បន្ថែមថា នៅពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផលិតសន្លឹកឆ្នោតសម្រាប់ ភូមិភាគនីមួយៗ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ដែលនៅក្នុងសន្លឹកឆ្នោតទាំងនោះ ត្រូវការជាចាំបាច់នូវលំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់ជាលេខរៀងរបស់គណបក្សនយោបាយនីមួយៗនៅលើ សន្លឹកឆ្នោតសម្រាប់ភូមិភាគទាំង ៨ ។

លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់បន្ថែមទៀតថា លទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោតនៅលើសន្លឹកឆ្នោត មានអត្ថន័យសំខាន់ណាស់សម្រាប់គណបក្សនយោបាយឈរឈ្មោះ បោះឆ្នោតទាំងអស់ ដោយបានបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយក្នុងការឃោសនា បោះឆ្នោត ការបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោត និងអង្គបោះឆ្នោតអាចស្គាល់បានដោយ ងាយស្រួលនូវគណបក្សនយោបាយ ដែលគាត់ស្រឡាញ់ពេញចិត្ត។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតនេះ គឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់គ្នាតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ៕