(ភ្នំពេញ)៖ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកថវិកាចំនួន១៤,៧៥៥,៥០០រៀល ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយថវិកាទាំងនេះបានមកពីការលក់ឡៃឡុងអន្តរវត្ថុបញ្ញើដែលគ្មានអ្នកមកទទួលយូរឆ្នាំមកហើយ ក្នុងនោះមានដូចជារូបិយបណ្ណបរទេស រូបិយបណ្ណជាតិ មាស និងទំនិញផ្សេងៗ។

លោក ថេន សំវិសុទ្ធ បានឱ្យដឹងថា ថវិកាសរុបដែលទទួលបាននេះបានមកពីការលក់ទំនិញដេញថ្លៃចំនួន២លើក៖ លើកទី១បាន៥,៧៨៧,០០០រៀល និងលើកទី២បាន៤,៧៩៩,៥០០រៀល បូករួមទាំងរូបិយបណ្ណបរទេស រូបិយបណ្ណជាតិ និងមាស គិតជាលុយរៀលចំនួន៤,១៦៩,០០០រៀល។

លោកអគ្គនាយកបានបញ្ជាក់ដែរថា ដោយមានការរីករាលនៃជំងឺកូរីដ-១៩ បញ្ញើប្រៃសណីយ៍មួយចំនួនបានកកស្ទះមិនអាចអនុញ្ញាតឱ្យនាំចេញបាន (បិទច្រកទ្វារអន្តរជាតិ) យន្តហោះដឹកបញ្ញើជាដៃគូក៏ពុំព្រមទទទួលដឹកឱ្យ ដូច្នេះប្រៃសណីយ៍កម្ពុជាបានព្យាយាមចែកជូនអតិថិជនតាមរយៈអាសយដ្ឋានផង និងទូរសព្ទផង។ បញ្ញើមួយចំនួនទៀតគ្មានអាសយដ្ឋានច្បាស់លាស់ ពុំអាចរកអាសយដ្ឋានអ្នកផ្ញើ ឬអ្នកទទួលឃើញ មិនអាចបញ្ជូនត្រឡប់ទៅកាន់ប្រទេសដើមវិញបាន និងគ្មានសំណូមពរឱ្យបញ្ជូនត្រឡប់ទៅវិញ ហើយបញ្ញើទាំងអស់នោះត្រូវបានរក្សាទុកតាំងពីឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២១។

ដោយពិនិត្យឃើញថា ក្នុងកញ្ចប់បញ្ញើទាំងនោះមានសម្ភារៈមួយចំនួនមិនអាចបន្តទុកទៀតបាន
ហើយជាសម្ភារៈដែលខូចគុណភាពត្រូវដុតកម្ទេចចោលមានទម្ងន់សរុប៥១៥៩.២៥គីឡូក្រាម។ ចំណែកឯសម្ភារៈដែលនៅមានគុណភាពអាចប្រើប្រាស់បាន ប្រៃសណីយ៍កម្ពុជាបានប្រកាសជាសាធារណៈលក់ឡៃឡុងចំនួន២លើកដូចបានរៀបរាប់ខាងលើ ហើយថវិកាដែលទទួលបានមកពីការដេញថ្ងៃទាំងអស់ ក៏ត្រូវឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជាប្រយោជន៍ដល់ការព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព៕