(ព្រះសីហនុ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានក្ដីរំពឹងថា តាមរយៈការចូលចតជាលើកទី២របស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងជួយទាក់ទាញនាវាទេសចរណ៍ខ្នាតធំបន្តបន្ទាប់ទៀត រួមចំណែកជំរុញដំណើរទេសចរណ៍ផ្លូវសមុទ្រមកដល់កម្ពុជាឱ្យកាន់តែច្រើន។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី សុខ សូកេន ក្នុងឱកាសចូលរួមកិច្ចស្វាគមន៍ដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជាតាមរយៈនាវាទេសចរណ៍ Westerdam នៅបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍ Westerdam ដដែលនេះ ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេសនិងកោះចំនួន៥បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line (ក្រុមហ៊ុនរបស់នាវា Westerdam) ដោយសារខ្លាចឆ្លងជំងឺកូវីដ១៩ ពីព្រោះកាលណោះគ្រប់គ្នាកំពុងព្រួយបារម្ភពីការរាតត្បាតជំងឺកូវីដ១៩ តែមិនបានគិតពីជីវិតមនុស្សដែលនៅលើនាវាទេសចរណ៍នោះ។

ដូច្នេះហើយទើបនៅថ្ងៃទី២៨ ខែធ្នូនេះ នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត ជាមួយភ្ញៀវទេសចរជាងជាង២ពាន់នាក់ ក្រោយចូលចតកាលពី៣ឆ្នាំនោះ ខណៈក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំនៃការសុំចតរបស់នាវា Westerdam នេះផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោករដ្ឋមន្ត្រីបានវាយតម្លៃពីបរិយាកាសរីករាយ រំលេចនូវការញញឹមរួសរាយរាក់ទាក់រវាងប្រតិភូម្ចាស់ផ្ទះកម្ពុជា និងក្រុមភ្ញៀវទេសចរអន្តរជាតិដែលចុះពីលើនាវាទេសចរណ៍។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះអ្នកដំណើរខ្លះដែលធ្លាប់ជួបរឿងរ៉ាវកាលពីឆ្នាំ២០២០អំឡុងពេលកូវីដ១៩នោះ បានរំឭកអនុស្សាវរីយ៍ឡើងវិញ និងបានបង្ហាញពីភាពកក់ក្ដៅ ការថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសេចក្ដីសណ្ដោសប្រណីព្រមទទួលជួយពួកគេ កាលពីពេលមានវិបត្តិកូវីដនៅ៣ឆ្នាំមុននោះ។

លោករដ្ឋមន្ត្រីមានក្ដីរំពឹងថា «តាមរយៈការចូលចតជាលើកទី២របស់នាវាទេសចរណ៍ Westerdam នេះ នឹងជួយទាក់ទាញនាវាទេសចរណ៍ខ្នាតធំមកកាន់កម្ពុជា នាឆ្នាំក្រោយបន្តបន្ទាប់ទៀត...កម្ពុជាក៏នឹងត្រៀមកិច្ចសម្របសម្រួលជាមួយនាវាទេសចរណ៍ទាំងនោះ ដើម្បីបានចូលមកប្រទេសយើង»

លោកបានបន្ថែមថា យ៉ាងហោចមានភ្ញៀវទេសចរ៥០០នាក់បានធ្វើដំណើរទៅទស្សនានៅរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ អ្នកខ្លះក៏ទៅដល់ខេត្តកែបទៀតដែរ ហើយនៅពេលទទួលទានអាហារថ្ងៃត្រង់រួច ពួកគាត់នឹងត្រឡប់មកនាវា Westerdam វិញ ដើម្បីត្រៀមចេញដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៩យប់នេះតែម្ដង ពោលគឺចូលចតតែ១ថ្ងៃប៉ុណ្ណោះ។

ដោយសារការស្នាក់នៅ និងការទស្សនាកម្សាន្តរបស់ភ្ញៀវអន្តរជាតិដែលមកតាមផ្លូវសមុទ្រមានរយៈពេលខ្លីយ៉ាងដូច្នេះ លោករដ្ឋមន្ត្រី សុខ សូកេន បានបង្ហាញអំពីគម្រោងការណ៍រៀបចំផលិតផលទេសចរណ៍ថ្មីៗ ហេដ្ឋារចនាសម្ពន្ធគាំទ្រវិស័យទេសចរណ៍បន្ថែមទៀតនៅខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីរួមចំណែកទាក់ទាញការស្នាក់នៅរបស់ភ្ញៀវទេសចរតាមផ្លូវសមុទ្រឱ្យបានយូរជាងនេះ។

៤ចំណុចដែលអ្នកគួរដឹងពីនាវាទេសចរណ៍ Westerdam៖

* ហេតុអ្វីនាវា Westerdam ត្រឡប់មកនៅកម្ពុជាម្តងទៀត?

បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ការចូលចតរបស់នាវាទេសចរណ៍ Westerdam នាពេលនេះ ជាការអរគុណដល់កម្ពុជានាឱកាសគម្រប់ខួប៣ឆ្នាំ នៃការអនុញ្ញាតឲ្យចូលចតនៅកំពង់ផែព្រះសីហនុ កាលដើមឆ្នាំ២០២០។ នៅពេលនោះប្រទេសជាច្រើនបដិសេធមិនឱ្យចូល ដោយសារការព្រួយបារម្ភអំពីការរីករាលដាលជំងឺកូវីដ-១៩។ ទីបំផុត នាវាទេសចរណ៍នេះត្រូវបានអនុញ្ញាតឱ្យចូលចតនៅខេត្តព្រះសីហនុ ហើយអ្នកដំណើរ និងនាវិកទាំងអស់ត្រូវបានពិនិត្យសុខភាព. មូលហេតុដែលរដ្ឋាភិបាលកម្ពុជាសម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថាជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេសលុបបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺរលាកសួតដែលបង្កឡើងដោយកូវីដ-១៩។ នាពេលនោះ មានមនុស្សជាង២,២០០នាក់នៅលើនាវាក្នុងនោះ អ្នកដំណើរ១,៤៥៥នាក់ មានជាង៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា៨០២នាក់។ ចំនួនអ្នកដំណើរច្រើនជាងគេ គឺមកពីអាម៉េរិក កាណាដា អង់គ្លេស ហូឡង់ អូស្ត្រាលី និងអាល្លឺម៉ង់។

* ផលចំណេញរបស់កម្ពុជាពេលទេសចរណ៍ Westerdam ចូលចតនៅព្រះសីហនុ

នៅពេលដែលទេសចរណ៍ Westerdam ចូលចតនៅប្រទេសណាមួយ វានឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសនោះ តួយ៉ាងដូចជាការបង្កើនប្រាក់ចំណូលពីទេសចរណ៍។ ជាធម្មតា ទេសចរណ៍ Westerdam ដឹកអ្នកដំណើរជាង២,០០០នាក់ ដែលភ្ញៀវទេសចរមួយចំនួននឹងចំណាយលើសេវាកម្មទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងសកម្មភាពកម្សាន្តនៅប្រទេសណាមួយ។ ការណ៍នេះអាចនាំចំណូលពីទេសចរណ៍រាប់លានដុល្លារដល់ប្រទេសនោះ។ ទន្ទឹមនេះ វាបានការបង្កើតការងារនៅតំបន់ចុះចតមួយចំនួនផងដែរ។ ទេសចរណ៍ Westerdam ត្រូវការកម្លាំងពលកម្មច្រើនដើម្បីប្រតិបត្តិការ រួមទាំងនាវិក បុគ្គលិកសេវាកម្ម និងមគ្គុទ្ទេសក៍ទេសចរណ៍។ នេះអាចបង្កើតការងាររាប់រយ ឬរាប់ពាន់កន្លែងសម្រាប់ប្រជាជនក្នុងតំបន់។

ក្រៅពីនេះ នាវានេះនឹងជួយផ្សព្វផ្សាយទេសចរណ៍នៅក្នុងតំបន់។ ព្រឹត្តិការណ៍នៃការចតទេសចរណ៍ Westerdam ជារឿយៗ ត្រូវបានចែករំលែកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដោយជួយផ្សព្វផ្សាយទេសចរណ៍របស់ប្រទេសនោះទៅកាន់មនុស្សកាន់តែច្រើន។ ការណ៍នេះអាចនាំឱ្យមានការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើននាពេលអនាគត។ ជាក់ស្តែង តាមការប៉ាន់ប្រមាណពីក្រសួងទេសចរណ៍នៅពេលដែលនាវា Westerdam ចូលចតនៅខេត្តព្រះសីហនុឆ្នាំ២០២០ បាននាំមកនូវចំណូលដល់កម្ពុជាប្រមាណ១លានដុល្លារពីវិស័យទេសចរណ៍។ ព្រឹត្តិការណ៍នេះក៏បានជួយកម្ពុជាទាក់ទាញភ្ញៀវទេសចរបន្ថែម១០ម៉ឺននាក់ក្នុងឆ្នាំ២០២០ដែរ។ លើសពីនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជាចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀតនេះ ជាឱកាសសម្រាប់បង្ហាញពិភពលោកពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងទាក់ទាញអ្នកវិនិយោគមកខេត្តទៀតផង។

* តើនាវានេះមានលក្ខណៈពិសេសៗអ្វីខ្លះ?

នាវាទេសចរណ៍ MS Westerdam ជាប្រភេទនាវាទេសចរណ៍លំដាប់វីស្តាដែលគ្រប់គ្រងដោយ Holland America Line។ វាជានាវាជំនាន់ទី៣ ដែលភ្ជាប់ជាមួយឈ្មោះ Westerdam។ កប៉ាល់នេះក៏មានដៃគូផ្សេងទៀតដែរ ដូចជា Oosterdam, Zuiderdam និង Noordam។ នាវា Westerdam ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០០៤ នៅឯកន្លែងផលិតនាវា Fincantieri Marghera ក្នុងទីក្រុងវេនីស (Venice) ប្រទេសអ៊ីតាលី ដែលចំណាយទឹកប្រាក់អស់៤៥០លានដុល្លារ។ វាមានប្រវែង២៨៥ម៉ែត្រ (៩៣៥ហ្វីត) ទទឹង៣២ម៉ែត្រ (១០៥ហ្វីត) និងទម្ងន់៨២,៥ពាន់តោន។ កប៉ាល់នេះអាចផ្ទុកអ្នកដំណើរអតិបរមា២,០១៤នាក់ និងសមាជិកនាវិក៨៥៨នាក់។ នាវានេះមានបន្ទប់សរុបចំនួន១,២៥០ ក្នុងនោះបន្ទប់ចំនួន១,០៩៨សម្រាប់អ្នកដំណើរ និង១៥២បន្ទប់សម្រាប់នាវិក។ Westerdam ត្រូវបានបំពាក់ដោយឧបករណ៍កម្សាន្ត និងកន្លែងលម្ហែកាយ រួមមាន ភោជនីយដ្ឋាននិងបារចំនួន១៣កន្លែង អាងហែលទឹកចំនួន៥ តំបន់ទឹកពុះចំនួន១២កន្លែងស្ប៉ា និងហាត់ប្រាណចំនួន១ រោងកុន១ កាស៊ីណូ១ បណ្ណាល័យ១ និងវិចិត្រសាលសិល្បៈចំនួន១។ 

* តើនាវា Westerdam ផ្តល់ជូនកញ្ចប់សេវាកម្មអ្វីខ្លះ?

នាវា Westerdam តែងតែធ្វើដំណើរកម្សាន្តទៅកាន់គោលដៅនានាជុំវិញពិភពលោក រួមមានអឺរ៉ុប អាស៊ី អាហ្រ្វិក និងអាម៉េរិកខាងត្បូង. តម្លៃនៃការធ្វើដំណើរនៅលើ Westerdam អាស្រ័យលើប្រភេទបន្ទប់ដែលអ្នកជ្រើសរើស និងពេលវេលានៃការធ្វើដំណើរ។ ឧទាហរណ៍ការធ្វើដំណើររយៈពេល៧ថ្ងៃ ពីទីក្រុងអាំស្ទែរដាំ ប្រទេសនែតដឺឡង់ (ហូឡង់) ទៅកាន់ទីក្រុងវេនីស ប្រទេសអ៊ីតាលី តម្លៃសំបុត្រសម្រាប់បន្ទប់ខាងក្នុងចាប់១,៥០០ដុល្លារ ខណៈបន្ទប់មើលឃើញទេសភាពខាងក្រៅចាប់២,០០០ដុល្លារ។ ទន្ទឹមនេះ បន្ទប់ដែលមានយ៉រអាចឈរកម្សាន្តលេងតម្លៃចាប់ពី៣,០០០ដុល្លារ ស្របពេលបន្ទប់ដែលមានលក្ខណៈប្រណិតចាប់ពី៥,០០០ដុល្លារ។ ចំណែកបន្ទប់ពិសេសតែម្តងតម្លៃចាប់ពី៧,០០០ដុល្លារឡើងទៅ។ តម្លៃសំបុត្រទាំងអស់នេះ រួមបញ្ចូលទាំងកន្លែងស្នាក់នៅ អាហារ និងសកម្មភាពកម្សាន្តនៅលើនាវា។ យ៉ាងណាមិញ ការចំណាយបន្ថែមដូចជាភេសជ្ជៈ សេវាស្ប៉ា និងដំណើរកម្សាន្តតាមផ្លូវគោក អតិថិជនត្រូវគិតគូរដោយខ្លួនឯង។ នេះជាសកម្មភាពពេញនិយមមួយចំនួននៅលើនាវា ដូចជាសម្រាប់អាហារថ្ងៃត្រង់ Westerdam មានភោជនីយដ្ឋានជាច្រើនដែលបម្រើម្ហូបមកពីជុំវិញពិភពលោក។ អ្នកអាចរីករាយជាមួយម្ហូបហូឡង់ ម្ហូបថៃ ឬម្ហូបអ៊ីតាលីជាដើម។

ចំពោះកន្លែងកម្សាន្ត នាវានេះមានរោងមហោស្រព កាស៊ីណូ និងបារជាច្រើន។ អ្នកអាចមើលកម្មវិធីនៅរោងមហោស្រព លេងហ្គេមនៅកាស៊ីណូ ឬអាចផឹកស្រាក្រឡុកនៅក្នុងបារ។ បន្ថែមពីនេះ អ្នកអាចសម្រាកជាមួយការម៉ាស្សា ហាត់ប្រាណនៅមណ្ឌលហាត់ប្រាណ ឬលេងបាល់ទាត់ជាមួយមិត្តភក្តិ។ ចំណែកការសិក្សាវិញ Westerdam មានផ្តល់ជូនថ្នាក់ធ្វើម្ហូប ថ្នាក់សិល្បៈ និងថ្នាក់ភាសា។ អ្នកអាចរៀនជំនាញថ្មី ឬគ្រាន់តែរៀនបន្ថែមអំពីវប្បធម៌នៃជាតិសាសន៍ដទៃ។ នៅពេលយប់នាវា Westerdam តែងតែចូលចតនៅទីតាំងថ្មី។ អ្នកអាចទៅកម្សាន្តនៅលើដីគោក ឬស្នាក់នៅលើនាវា ហើយរីករាយនឹងសកម្មភាពកម្សាន្តនៅលើនាវាផ្ទាល់ក៏បាន៕