(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បានជួបពិភាក្សាជាមួយ លោក Hirotaka Sekido អនុប្រធានក្រុមហ៊ុន STARTS group នៃប្រទេសជប៉ុន និងបានជំរុញឱ្យក្រុមហ៊ុនដ៏ធំមួយនេះ ពង្រីកការវិនិយោគបន្ថែម លើវិស័យទេសចរណ៍ មានដូចជាផ្នែកសណ្ឋាគារ រមណីយដ្ឋានទេសចរណ៍ ពិសេសការពង្រីកទីក្រុងរណបនានា ក្នុងតំបន់ប៉ូលទេសចរណ៍ធំៗនៅកម្ពុជា។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីបានជម្រាបប្រាប់ លោក Hirotaka Sekido និងសហការី ពីការរីកចម្រើននៃសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ និងសម្បូរបែបរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោករដ្ឋមន្រ្តីបន្តថា កម្ពុជាបច្ចុប្បន្ន ត្រូវការនូវផលិតផលទេសចរណ៍ និងធនធានមនុស្សក្នុង វិស័យទេសចរណ៍ថ្មីៗបន្ថែមទៀត ពិសេសផលិតផលដែលមានគុណភាព និងស្តង់ដារខ្ពស់ ដោយលោកបានស្នើឱ្យក្រុមហ៊ុន STARTS group ត្រូវយកចិត្តទុកដាក់បន្ថែមលើគម្រោងវិនិយោគ ក្នុងវិស័យទេសចរណ៍ ដូចជាសណ្ឋាគារប្រណិតៗ រមណីយដ្ឋានទេសចរណ៍ ពិសេសការពង្រីកទីក្រុងរណប នៅតាមតំបន់ប៉ូលទេសចរណ៍ធំៗ មានរាជធានីភ្នំពេញ សៀមរាបអង្គរ តំបន់ឆ្នេរសមុទ្រ បឹងទន្លេសាប ដងទន្លេមេគង្គជាដើម។
ឆ្លើយតបនឹងសំណើខាងលើ លោក Hirotaka Sekido បានឱ្យដឹងថា លោកនឹងពិនិត្យសិក្សាបន្ថែម និងខិតខំអនុវត្តតាមសំណើរបស់លោករដ្ឋមន្រ្តី ថោង ខុន ព្រមទាំងបានលើកឡើងពី ការមើលឃើញនូវការអភិវឌ្ឍរីកចម្រើន សន្តិភាព ស្ថិរភាពរបស់កម្ពុជា ពិសេសការរីកចម្រើនវិស័យទេសចរណ៍នេះផ្ទាល់ ហើយលោកបានលើកឡើងថា ក្រុមហ៊ុនរបស់លោកក៏មានគម្រោង ពង្រីកការវិនិយោគលើវិស័យទេសចរណ៍ផងដែរ ពិសេសផលិតផលទេសចរណ៍នេះតែម្ដង។
លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ក្រោយជំនួបថា ក្រុមហ៊ុន STARTS group គឺជាក្រុមហ៊ុនវិនិយោគជប៉ុនដ៏ធំមួយ មានសាខាចំនួន៣៣ប្រទេសលើពិភពលោក ហើយបានធ្វើការវិនិយោគលើវិស័យធំៗ ដូចជាសណ្ឋាគារ សំណង់អគារ អចលវត្ថុ ប្រព័ន្ធផ្សព្វផ្សាយ ពិសេសក្រុមហ៊ុននឹងសាងសង់សណ្ឋាគារធំមួយ មាន២៤០បន្ទប់ ក្នុងទីក្រុងភ្នំពេញ ដើម្បីបម្រើសេវាផ្សេងៗជូនភ្ញៀវទេសចរ។
សូមជម្រាបថា រយៈពេល៦ខែដើមឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវជប៉ុនចំនួន៩០,៨៧៧នាក់ ហើយបន្ទាប់ពីមានការតភ្ជាប់ជើងហោះហើរត្រង់ ពីតូក្យូមកភ្នំពេញ នៅថ្ងៃទី១ ខែកញ្ញាខាងមុខ កម្ពុជានឹងទទួលបានចំនួនទេសចរ និងអ្នកវិនិយោគជប៉ុនកាន់តែច្រើនថែមទៀត៕