(ស្ទឹងត្រែង)៖ មូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រគល់ផ្ទះ ១ខ្នងជូនជនមានពិការភាពនៅខេត្តស្ទឹងត្រែង។

ការប្រគល់ផ្ទះមូលនិធិជនពិការ១ខ្នងនេះធ្វើឡើងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដែលមានទំហំ៤គុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវបានប្រគល់ជូនជនមានពិការភាពឈ្មោះ មាស ដន ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនពិការភ្នែកទាំង២ ពិការភ្នែកស្តាំក្នុងឆ្នាំ១៩៧៩ ដោយសារគ្រាប់មីន និងពិការភ្នែកខាងឆ្វេងនៅឆ្នាំ២០១៧ដោយសារជំងឺ សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ២នាក់ កូនស្រី១នាក់វ័យ ៧ឆ្នាំ ក៏មានពិការភាពសតិបញ្ញា រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពិធីនេះមានការចូលរួមជាអធិបតីពីលោក ហ៊ុត ពន្លឺ នាយករងមូលនិធិជនពិការ តំណាងលោក ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត សាខាមូលនិធិជនពិការខេត្ត តំណាងស.ស.យ.ក.វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាជ្ញាធរសង្កាត់ព្រះបាទ។

លោក ហ៊ុត ពន្លឺ បានឲ្យដឹងថា សម្រាប់ខេត្តស្ទឹងត្រែង នេះគឺជាផ្ទះទី១ហើយ ដែលមូលនិធិជនពិការសាងសង់ជូនជនមានពិការភាពក្រីក្រ។ គិតមកដល់ពេលនេះមូលនិធិជនពិការបានសាងសង់ផ្ទះបាន៤៧ខ្នង ហើយគិតពីឆ្នាំ២០១៩មក នេះជាផ្ទះទី៤៦ហើយ ដែលបានប្រគល់ជាផ្លូវការ។

លោកបានផ្តាំផ្ញើដល់គ្រួសារជនមានពិការភាពដែលជាម្ចាស់ផ្ទះ សូមចូលរស់នៅក្នុងគេហដ្ឋាននេះឱ្យមានសេចក្តីសុខចម្រើន និងសូមថែរក្សាសុខភាព ដើម្បីជៀសផុតពីជំងឺនានា។

មូលនិធិជនពិការក៏បានពាំនាំនូវកញ្ចាប់អំណោយរួមមាន៖ អង្ករ២៥គ.ក មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង២យួរ អំបិល២កញ្ចប់ ថវិកា១០ម៉ឺនរៀល ជូនគ្រួសារម្ចាស់ផ្ទះដើម្បីសម្រួលដល់ជីវភាព៕