(ព្រៃវែង)៖ លោក នី ប៊ុនថា ដែលជាកូនប្រសានិងឈ្មោះ​ ជិន​ ស្រីមុច​ ជាកូនបង្កេីតនៃសពឈ្មោះ ជិន ផាត បានធ្វើការស្រាយបំភ្លឺនិងច្រានចោលទាំងស្រុងចំពោះ ការផ្សាយរបស់បណ្ដាញព័ត៌មានមួយចំនួនដែលបានចោទប្រកាន់ មន្ទីរសម្រាប់ព្យាបាល ខៀង សុគន្ធា ថា បានព្យាបាលឪពុករបស់ខ្លួនបណ្ដាលឲ្យស្លាប់ ខណៈដែលបញ្ជូនចេញពីគ្លីនិកមួយនេះ។

លោក នី ប៊ុនថា ដែលជាក្រុមគ្រួសានៃសពសុំបដិសេធនិងបំភ្លឺថា ក្នុងនាមជាកូនប្រសារបាននៅជាមួយឪពុកក្មេក គាត់បានដឹងយល់យ៉ាងច្បាស់អំពីអាការៈជំងឺរបស់ឪពុកក្មេករបស់គាត់។

ប្រភពបានបន្តថា មុននឹងឈានមកដល់ការសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល ខៀង សុគន្ធានេះដែរ គាត់ក៏បានទៅពេទ្យផ្សេងៗដែរ តែពេទ្យគេដទៃនោះមិនទទួលព្យាបាលនោះទេ។ ដោយឡែកនៅពេលដែលឪពុកខ្លួនមកដល់មន្ទីរសម្រាកព្យាបាល ខៀង សុគន្ធានេះ ក៏បានអង្វរឲ្យពេទ្យជួយព្យាបាលឪពុកខ្លួន តែមន្ទីរសម្រាកព្យាបាលនេះ ក៏មិនចង់ទទួលព្យាបាលនោះដែរ តែដោយសារក្រុមគ្រួសារគាត់អង្វរពេក មន្ទីរសម្រាកព្យាបាលនេះ ក៏ព្រមទទួលព្យាបាល ហើយបានធ្វើកិច្ចសន្យាត្រឹមត្រូវ។

លោកនី ប៊ុនថា បានបន្តថា មន្ទីរសម្រាកព្យាបាល ខៀង សុគន្ធា ក៏ព្រមទទួលព្យាបាលដោយបានសម្រាកព្យាបាលនៅក្នុងមន្ទីរសម្រាកព្យាបាលនេះ ឪពុកក្មេករបស់ខ្លួន មានអាការៈធូរស្បើយបានខ្លះ បានហូបបាយក៏បាន ហើយពេលនោះ គាត់ក៏បន្តសម្រាកនៅមន្ទីរសម្រាកព្យាបាល ខៀង សុគន្ធា បាន២ថ្ងៃ ក៏ប៉ុន្តែមន្ទីរសម្រាកព្យាបាលនេះក៏បានប្រាប់ថា ដោយសារនៅកន្លែងគាត់ខ្វះសម្ភារៈក្នុងការព្យាបាល ដូច្នេះក៏សូមឲ្យក្រុមគ្រួសារនៃអ្នកជំងឺបន្តយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ព្រោះនៅទីនោះមានសម្ភារៈសម្រាប់ព្យាបាលគ្រប់គ្រាន់ ដើម្បីឲ្យជំងឺរបស់គាត់ឆាប់ជាសះស្បើយ។

លោកបានបន្តថា នៅពេលដែលទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ពេទ្យខេត្តក៏បានបន្តបញ្ជូនឪពុកក្មេកទៅភ្នំពេញ តែគាត់មិនចង់ទៅនោះទេ តែដោយសារអាការៈជំងឺឪពុកក្មេកខ្លួន ត្រូវតែបញ្ជូនទៅភ្នំពេញ ខណៈបញ្ជូនទៅដល់ពាក់កណ្ដាលផ្លូវឆ្លងស្ពានព្រែកតាមាក់បានបន្តិច អាការៈជំងឺរបស់ឪពុកមានសភាពចុកខ្លាំងឡើង បណ្ដាលឲ្យស្លាប់តាមផ្លូវតែម្តង។

សូមបញ្ជាក់ថា នៅក្នុងកិច្ចសន្យានោះក្រុមគ្រួសារនៃអ្នកជំងឺបានយល់ព្រមឱ្យគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់តាមបច្ចេកទេសដោយពុំគិតពីផលវិបាក ឬឧបសគ្គណាមួយដែលអាចកើតមានឡើងជាយថាហេតុក្នុងការសង្គ្រោះព្យាបាលនេះឡើយ។ បើក្នុងពេលសង្គ្រោះបន្ទាន់ ឬក្រោយការសង្គ្រោះបន្ទាន់របស់គ្រូពេទ្យហើយ តែអ្នកជំងឺនៅតែមិនអាចជួយសង្គ្រោះបាន ក្រុមគ្រួសាររបស់អ្នកជំងឺបានសន្យាថា មិនធ្វើការប្តឹងផ្តល់ ឬទារសំណងជំងឺចិត្តពីក្រុមគ្រូពេទ្យ និងមន្ទីរសម្រាកព្យាបាលឡើយ។

ពាក់ព័ន្ធនឹងករណីនេះ លោកវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរមន្ទីសុខាភិបាលខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារ Fresh News ថា ពាក់ព័ន្ធនឹងករណីបុរសម្នាក់បានស្លាប់ ខណៈដែលបានបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាល ខៀង សុគន្ធានេះ លោកក៏បានទទួលព័ត៌មាននេះដែរចំពោះករណីនេះ ដោយសារមានការអង្វរកពីក្រុមគ្រួសារអ្នកជំងឺ ខាងមន្ទីរសម្រាកព្យាបាល ខៀង សុគន្ធា បានធ្វើកិច្ចសន្យាជាមួយក្រុមគ្រួសារអ្នកជំងឺយ៉ាងត្រឹមត្រូវ ហើយភាគីអ្នកជំងឺក៏បានធ្វើលិខិតថ្លែងអំណរគុណដល់គ្រូពេទ្យដែលបានខិតខំជួយសង្គ្រោះឪពុកខ្លួនផងដែរ ជាទូទៅគុណធម៌របស់ពេទ្យ ពេលដែលឃើញអ្នកជំងឺឈឺធ្ងន់ត្រូវតែជួយសង្គ្រោះ ទោះបីជួយបានកម្រិតណាក៏ដោយ។

ពាក់ព័ន្ធនឹងករណីនេះដែរ បើតាមការឲ្យដឹងអំពីគ្រូពេទ្យនៃមន្ទីរសម្រាកព្យាបាល ខៀង សុគន្ធា បានឲ្យដឹងថា អ្នកជំងឺដែលមកព្យាបាលនៅក្នុងមន្ទីរសម្រាកព្យាបាលរបស់លោក មានឈ្មោះ ជិន ផាត អាយុ៦២ឆ្នាំរស់នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរជាច្រើនឆ្នាំមកហើយ ដោយលើសសម្ពាធឈាមបេះដូង និងរលាកសួតរ៉ាំរៃ។

គ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាល ខៀង សុគន្ធា បានបន្តថា ដោយមានការអង្វរពីក្រុមគ្រួសារនៃអ្នកជំងឺឲ្យគ្រូពេទ្យជួយសង្គ្រោះ ទើបមន្ទីរសម្រាកព្យាបាលយល់ព្រមជួយ សង្គ្រោះ ហើយបានធ្វើកិច្ចសន្យាត្រឹមត្រូវផងដែរ៕