(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះវិហារ។
លោក គីម រឹទ្ធី បានរាយការណ៍សង្ខេបអំពីលទ្ធផលការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះវិហារ មានដូចជាការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី ព្រៃឈើ និងជលផល និង ការផ្តល់សេវាសង្គម និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចគាំពារសង្គម។
ថ្លែងក្នុងពិធីបិទសន្និបាទនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានរួមគ្នាយ៉ាងល្អបំពេញតួនាទី ភារកិច្ច ការទទួលខុសត្រូវ រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា ឆ្នាំ២០២៤ខាងមុខនេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាព វៃឆ្លាត និងស្អាតស្អំ ហើយក៏ជារបៀបវារៈនយោបាយដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យ ច្បាស់លាស់ និងវែងឆ្ងាយ ដែលនឹងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានផ្ដល់គោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗមួយចំនួន និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៤ ដល់រដ្ឋបាលខេត្តព្រះវិហារ ជាមានដូចជា៖
ទី១៖ ការពង្រឹងខឿនការពារជាតិ និងការពារសន្តិសុខជាតិ ឱ្យបានរឹងមាំ
ទី២៖ បន្តជំរុញចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ទី៣៖ ពង្រឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
ទី៤៖ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លី
ទី៥៖ ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល
ទី៦៖ ការពង្រឹងរបៀបរបបការងារ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង៕