(ភ្នំពេញ)៖ និស្សិតជ័យលាភីអាហារូបករណ៍ Manaaki New Zealand ចំនួន២៧នាក់ ទទួលបានការអនុញ្ញាតឱ្យចូលជួបសំណេះសំណាល និងទទួលយកនូវអនុសាសន៍ណែនាំពីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យនិស្សិតកម្ពុជាដែលជាម្ចាស់ជ័យលាភីអាហារូបករណ៍ Manaaki New Zealand ទាំង២៧រូប គប្បីត្រូវបង្ហាញនូវភាពស្អាតរបស់ខ្លួនជូនទៅអន្តរជាតិ ដើម្បីជាកិត្តិយសសម្រាប់ខ្លួនឯងផង និងជាតិមាតុភូមិផង។

ការបញ្ជាក់អំពីភាពស្អាតពីខាងក្នុងនេះ គឺសំដៅដល់ភាពស្អាតស្អំ ស្មោះត្រង់ និងអំពើល្អ សុច្ចរិតភាព ដែលជាដើមទុនសំខាន់បំផុតក្នុងជីវិតរបស់យើងម្នាក់ៗ ទោះជាប្រកបកិច្ចការងារអ្វីក៏ទទួលបានជ័យជម្នះដែរ ជាក់ស្តែងភាពស្អាតនេះ គឺមានក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដែលយុទ្ធសាស្រ្តនេះហើយ ជំរុញឱ្យមានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបរួមជិត ៤លាននាក់ហើយមកទល់ថ្ងៃនេះ។

លើសពីនេះ រដ្ឋមន្រ្តីបានលើកយកបទពិសោធន៍ផ្ទាល់របស់លោកយកមកបង្ហាញនិស្សិត ក្នុងន័យលើកទឹកចិត្តឱ្យបញ្ញវន្តគ្រប់រូប មានគោលដៅ និងផែនការនៅក្នុងការសិក្សា ដើម្បីនាំមកនូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ពីបរទេស មកចែករំលែក និងបម្រើជាប្រយោជន៍ជូនជាតិមាតុភូមិវិញ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនាពេលខាងមុខនេះ៕