(បាត់ដំបង)៖ ដោយមានការណែនាំបន្ថែមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រចាំផងនោះ គណៈបញ្ជាការរដ្ឋបាលឯកភាពស្រុកឯកភ្នំ ដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រុក និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានបន្តសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងចម្រុះ និងជំនាញពាក់ព័ន្ធ ធ្វើការចុះបង្រ្កាបបទល្មើសនេសាទ ក្នុងតំបន់ហាមឃាត់បានមួយចំនួន នៅចំណុចអូរដា, ច្រាំងចោទ, បឹងសំ និងខាងលើបឹងសំ ក្នុងដែនអភិរក្សអតីតឡូតិ៍ លេខ២ ក្នុងភូមិសាស្រ្តឃុំកោះជីវាំង។

លោក ម៉ិល សុផល បានបញ្ជាក់ថា ជាលទ្ធផលរួមមាន៖ បង្រា្កបបានចំនួន១១ឡុក, សាច់មង ប្រវែង៣៥០០ម៉ែត្រ និងលែងត្រីចម្រុះចូលបឹងធម្មជាតិវិញប្រមាណចំនួន៤០០គីឡូ, កាប់បំផ្លាញបង្គោលបណរ៉ាវចំនួន៨០០ដើម, សាច់មង ប្រវែង៣៥០០ម៉ែត្រនិងបង្គោល៨០០ដើម ត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែង។

លោក ម៉ិល សុផល បានបន្ថែមថា ទីតាំងបទល្មើសដែលនៅសេសសល់មិនទាន់ធ្វើការបង្រ្កាបនៅសល់ប្រមាណជាង៤០ទីតាំងទៀត គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងបន្តបង្រ្កាបឲ្យអស់នៅឡូតិ៍អភិរក្សលេខ២ស្ថិតក្នុងភូមិព្រែកទាល់ឃុំកោះជីវាំង ស្រុកភ្នំ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក យី យក់សាន បានប្រាប់ឲ្យដឹងថា ដោយមើលឃើញឆន្ទៈសកម្មភាពក្រុមការងារ បានធ្វើឡើងដើម្បីជាប្រយោជន៍សាធារណ:និងប្រយោជន៍ប្រជាជន ថ្នាក់ដឹកនាំបានលើកទឹកចិត្ត និងគាំទ្រសកម្មភាពនេះ បានរលូនតទៅទៀត ដោយលោកឧត្តមសេនីយ៍ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំប ងបានជួយឧត្ថមប្រេងសាំង ១០០លីត្រ និងប្រេងម៉ាស៊ូត១០០លីត្រ និងលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ក៏បានជួយឧត្ថមថវិកាចំនួន២លានរៀល សម្រាប់ប្រើប្រាស់កិច្ចប្រតិបត្តិការនេះ សម្រេចឲ្យបានជោគជ័យបន្តទៀតផងដែរ៕