(កំពង់ស្ពឺ)៖ ប្រជាសហគមន៍ព្រៃឈើប្រាំបីម៉ុម បានអះអាងថា សត្វព្រៃមាន ប្រើស ទន្សោង ឈ្លូស ជ្រូកព្រៃ ក្ងោក និងសត្វព្រៃជាច្រើនប្រភេទទៀត ដែលនៅសេសសល់ក្នុងព្រៃនេះកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ក្នុងឆ្នាំ២០២៣នេះ អាចប្រឈមផុតពូជប្រសិនបើអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់ឱ្យបានតឹងរ៉ឹងទេនោះ។

លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីម៉ុម បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ថា អន្ទាក់ត្រូវបានគេដាក់ពង្រាយពាសពេញព្រៃ ហើយកើនឡើងទ្វេរដង ដែលបង្កជាការគម្រាមគំហែងយ៉ាងធ្ងន់ធ្ងរ ដល់ជីវិតសត្វកម្រ ទន្សោង ឈ្លូស ប្រើស ជ្រូកព្រៃ ក្ងោក និងសត្វផ្សេងទៀត។

លោកបន្តថា កាលពីឆ្នាំ២០២២ អន្ទាក់ដែលសហគមន៍រកឃើញមានតែ៤៤៤អន្ទាក់ប៉ុណ្ណោះ តែនៅឆ្នាំ២០២៣នេះ គិតត្រឹមខែធ្នូ សហគមន៍បានរកឃើញអន្ទាក់ជិត៩០០អន្ទាក់ ដែលចំនួននេះហាក់កើនឡើងទ្វេរដង។

ប្រធានសហគមន៍ព្រៃឈើប្រាំបីម៉ុម បានបន្ថែមថា អន្ទាក់ត្រូវបានកម្លាំងសហគមន៍រកឃើញគេដាក់ពង្រាយនៅតាមទីតាំងដែលសម្បូរព្រៃក្រាស់ៗ និងចំការអំពៅដែលមានប្រភពទឹក។

ប្រធានសហគមន៍បញ្ជាក់ថា «អន្ទាក់គឺជាអាវុធដ៏សាហាវដែលអាចផ្តាច់ជីវិតសត្វកម្រទាំងនេះបានត្រឹមតែរយៈពេលខ្លី។ ការស្លាប់សត្វទន្សោងច្រើន គឺផ្តើមចេញពីអន្ទាក់ ទោះជាកម្លាំងសហគមន៍ប្រឹងប្រែងដើរដោះ យ៉ាងណាក៏មិនអស់ ដោយអន្ទាក់ត្រូវបានគេដាក់ និងនៅរាយប៉ាយពាសពេញតាមដងអូរ តាមជ្រលងភ្នំ និងនៅតាមចំនុចដែលកម្លាំងសហគមន៍ពិបាកចូលទៅដល់ ហើយពេលវាជាប់ទើបវារត់ចូលមកក្នុងសហគមន៍ ដើម្បីរកការអន្តរាគមន៍ជួយសង្គ្រោះ ខ្លះក៏សង្គ្រោះបានតែពិការ ខ្លះក៏សង្គ្រោះមិនបានបណ្តាលឱ្យវាងាប់»

លោកបន្តថា «ជាងនេះសត្វដែលងាយរងគ្រោះធ្ងន់ធ្ងរ គឺពេលដែលវាចាកចេញពីព្រៃសហគមន៍ដើម្បីទៅរកទឹកផឹក ព្រោះនៅទីនោះក្រុមព្រានព្រៃតែងតែដាក់ពង្រាយអន្ទាក់ដើម្បីប្រម៉ាញ់ និងចាប់សត្វកម្រទាំងនេះ។ ដោយមើលឃើញពីការប្រឈមនេះហើយ ទើបសហគមន៍សម្រេចស្នើសុំទៅអាជ្ញាធរឱ្យជួយជីកស្រះមួយកន្លែង ក្នុងព្រៃសហគមន៍ដើម្បីរក្សាទុកទឹកសម្រាប់សត្វព្រៃកម្រទាំងនេះ បានផឹក និងបញ្ជៀសការយាយីពីអ្នកប្រម៉ាញ់ ដ៏សកម្មគឺអន្ទាក់ព្រានព្រៃ»

ជុំវិញការស្នើសុំរបស់សហគមន៍ព្រៃឈើប្រាំបីម៉ុមនេះ លោក ស៊ឹម រតនៈ អភិបាលរងខេត្តកំពង់ស្ពឺ បានសម្រេចទទួលយកសំណើ ហើយក៏ប្រកាសរកដៃគូរឯកជនដែលអាចមានលទ្ធភាពក្នុងការជីក ក្នុងនោះក្រុមហ៊ុន ឯកជន អាចយកអាចម៌ដីទៅប្រើប្រាស់តាមតម្រូវការដោយទុកមកវិញត្រឹមតែស្រះឱ្យសហគមន៍ដើម្បីឱ្យសត្វបានផឹកប៉ុណ្ណោះ។

សូមបញ្ជាក់ថា សហគមន៍ព្រៃឈើប្រាំបីម៉ុម មានផ្ទៃដីប្រមាណ១២២១ហិកតា ស្ថិតនៅក្នុងភូមិថ្នល់កែង និងភូមិត្រពាំងក្រើញ ឃុំប្រាំបីម៉ុម ស្រុងថ្ពង ខេត្តកំពង់ស្ពឺ៕