(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយទម្រង់គំរូរបាយការណ៍អំពីការ អនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងមន្ត្រីចុះកិច្ចសន្យា និងទម្រង់គំរូនៃរបាយការណ៍អំពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តមន្រ្ដីរាជការនៅរដ្ឋបាល ក្រុងស្រុក ក្នុងខេត្តបាត់ដំបង នៅសាលប្រជុំអាគារEសាលាខេត្តបាត់ដំបង។

នាឱកាសនោះលោក សុខ លូ បានណែនាំដល់ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ត្រូវតែពង្រឹងបន្តបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងការពង្រឹងសមត្ថភាពមន្រ្ដីពង្រឹងការស្រង់យកវត្តមានមន្រ្ដី ដើម្បីផ្ដល់ជូននូវការលើក ទឹកចិត្តដល់មន្រ្ដីដែលបានបំពេញ កាតព្វកិច្ចរបស់ខ្លួនបានល្អប្រសើរ ។

លោកបានណែនាំ និងស្នើឱ្យមានការសិក្សានូវការប្រើប្រាស់ប្រព័ន្ធដកស្រង់បញ្ជីវត្តមានតាមបែបឌីជីថល ដែលសព្វថ្ងៃនេះប្រព័ន្ធឌីជីថល ដើរតួនាទីយ៉ាងសំខាន់សម្រាប់បច្ចុប្បន្ន វាបានផ្ដល់នូវភាពងាយស្រួល ច្បាស់លាស់ និងមានភាពរហ័សថែមទៀត ងាយស្រួលក្នុងការសម្រង់យកវត្តមានមន្រ្ដីរាជការគ្រប់ស្ថាប័ន ម្យ៉ាងទៀតការប្រើប្រាស់ប្រព័ន្ធឌីជីថល ក៏សាកសមទៅនឹងការដើរទាន់នូវយុគសម័យថ្មីនេះផងដែរ៕