(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែធ្នូ ឆ្នាំ២០២៣ និង លើកទិសដៅការងារបន្ត ខែមករា ឆ្នាំ២០២៤ ដល់កម្លាំងនគរបាលទូទាំងខេត្ត។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យផែនជំនាញទាំង៣១ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារដែលអនុវត្តខែកន្លងមក និងផ្សព្វផ្សាយផែនការខែមករា ឆ្នាំ២០២៤ សម្រាប់កងកម្លាំងអនុវត្តបន្ត។ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ផ្នែកពាក់ព័ន្ធរហូតបានលទ្ធផលគួរជាទីមោទន:។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញ និងដាក់ចេញផែនការដូចខាងក្រោម៖
*ត្រូវពង្រឹងការផ្តល់សេវាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ
*នាយប៉ុស្តិ៍នគរបាលការពារព្រំដែន ត្រូវពង្រឹងការកសាងរបង ជម្រក ជំរុំបន្ទាយ ការដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វ
*នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងការផ្តល់សេវាសាធារណៈ
*ត្រូវបង្ការ ទប់ស្កាត់ បទល្មើសភេវកម្មសម្អាតសាច់ប្រាក់ ហិរញ្ញប្បទានគ្មានប្រភពច្បាស់លាស់
*ពង្រឹងទប់ស្កាត់ ពត៌មានក្លែងក្លាយ អ្នកបំពុលសង្គម បង្កភាពអសន្តិសុខ និងបទល្មើសបច្ចេកវិទ្យា
*ពង្រឹងការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និង ទីផ្សារចោរកម្ម
*ពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និង អំពើរជួញដូរផ្លូវភេទគ្រប់ទំរង់
*បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ច្បាប់ចរាចរណ៍ផ្លូវគោក និង ផលប៉ះពាល់នៃគ្រឿងញៀន
*ពង្រឹងទប់ស្កាត់ បង្ក្រាបរាល់បទល្មើសសេដ្ឋកិច្ច ទំនិញគេចពន្ធ ផលិតផលក្លែងក្លាយ និងបទល្មើសកម្មសិទ្ធិបញ្ញា
*ពង្រឹងការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាព ការស្នាក់នៅរបស់ជនបរទេស
*ត្រូវពង្រឹងការគ្រប់គ្រងកងកម្លាំង ការយាមល្បាត កម្លាំងប្រចាំការ២៤ម៉ោង កម្លាំងត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ គ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិដែលអាចកើតមានជាយថាហេតុ៕