(ព្រះសីហនុ)៖ លោកស្រី យឹម ឆៃលីន ហ៊ុនម៉ានី, អ្នកឧកញ៉ា គៀង ស្រីនាង ទ្រីភាព និងលោក គួច ចំរើន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅក្នុងស្រុកព្រៃនប់ចំនួន ១,០៥០ខ្នង។

ពិធីនេះមានការចូលរួមពីសសមាជិក សមាជិកាគណៈកម្មាធិសាខា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត តំណាងរាស្ត្រ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ សប្បុរសធម៌ជាច្រើនរូបទៀត នៅរោងចក្រកាប់គោ ឃុំទឹកថ្លា ស្រុកព្រៃនប់។

លោក អ៉ី ធារិន ប្រធានគណៈកម្មការសាខា ស្រុកព្រៃនប់ អានរបាយការណ៍ស្តីពីការរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្តាខឃុំចំនួន០៨ ក្នុងស្រុកប្រៃនប់ បានរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់គិតត្រឹមម៉ោង១១ ថ្ងៃទី២៧នេះបណ្តាលឱ្យរលំផ្ទះ០២ខ្នង របើកដំបូលផ្ទះ១,៦៣០ខ្នងផ្ទះ សរុប១,៦៣២ខ្នងផ្ទះ (ស័ង្ហីចំនួន៧,៩៨៧សន្លឹក វិទ្យាល័យទួលកែវ ក្បឿង៥០សន្លឹក និងប៉ុស្តិ៍នគរបាលរដ្ឋឃុំទឹកល្អក់ ក្បឿង៦០សន្លឹក) ។

ក្នុងឱកាសនោះ លោក គួច ចំរើន បានផ្តាំផ្ញើប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បង្កឱ្យមានផលប៉ះពាលជាខ្លាំង។

នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះ លោកបានដាក់ចេញបទបញ្ជាឱ្យគណៈបញ្ជាការស្រុក ជួយសង្គ្រោះប្រជាពលរដ្ឋទាំងអស់ និងបានណែនាំឱ្យមន្ទីរសុខាភិបាលរៀបចំមធ្យោបាយត្រៀមបង្កានៅតំបន់នេះ ក្រែងមានរបួសស្នាម។

លោកអភិបាលខេត្ត បានបញ្ជាក់ថា៖ «ខ្យល់កន្ត្រាក់រយៈពេល៣ថ្ងៃកន្លងទៅនេះ ធ្វើឱ្យបងប្អូនយើងរងផលប៉ះពាល់ធ្ងន់ និងស្រាល ព្រមទាំងមានរលំផ្ទះ រំខានដល់ការងារប្រចាំថ្ងៃរបស់បងប្អូន។ ពិតហើយថា មានប្រជាពលរដ្ឋរបស់យើងរងគ្រោះជាង១ពាន់ខ្នងផ្ទះ ស្មើនិងជាង១ពាន់គ្រួសារ។ ខ្យល់កន្រ្តាក់បានកើតឡើង៣លើក ទាក់ទងនឹងកត្តាអាកាសធាតុជារៀងរាល់ឆ្នាំ ហើយអ្នកដែលរងផលប៉ះពាល់ជាងគេ គឺឃុំសាមគ្គី ទឹកថ្លា និងទឹកល្អក់ ផ្អែកតាមភូមិសាស្ត្រតំបន់នេះតែងតែមានកើតឡើងគ្រោះខ្យល់កន្រ្តាក់»

លោកបានណែនាំដល់បងប្អូនត្រូវក្តាប់ឱ្យបានបញ្ហាប្រឈម ត្រូវសាងសង់លំនៅដ្ឋានឱ្យបានរឹងមាំ មិនមានហានិភ័យពីគ្រោះថ្នាក់ដោយខ្យល់កន្រ្តាក់ បង្កជាគ្រោះថ្នាក់អាចឈានដល់អាយុជីវិត ឆ្លើយតបនឹងស្ថានភាពភូមិសាស្ត្រ នៃការប្រែប្រួលអាកាសធាតុ និងជះឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ សូមឱ្យមន្ត្រីរបស់យើងបន្តវប្បធម៌ជួយប្រជាពលរដ្ឋ និងចូលរួមជាមួយកាកបាទក្រហម បន្តត្រួតពិនិត្យមើលចាស់ជរា កុមារ ឱ្យមានសុវត្ថិភាព និងបងប្អូន អាជ្ញាធរ កងកម្លាំងត្រូវត្រៀមបង្កាជួយសង្គ្រោះប្រជាពលរដ្ឋ ពិសេសចាស់ជរា និងកុមារឱ្យមានកន្លែងសុវត្ថិភាព និងត្រូវថែទាំសុខភាពជ និងផឹកទឹកឆ្អិនឱ្យបានត្រឹមត្រូវ។

អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះនាពេលនេះមានចំនួន ១,០៥០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥ម៉ឺនរៀល៕