(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលជំនាញតាមឃាត់ជនសង្ស័យ២នាក់ប្តីប្រពន្ធ ក្រោយប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ly Leap បង្ហោះវីដេអូនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ។

ក្រោយទទួលបានករណីនេះ, មន្រ្តីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវរកម្ចាស់ផេក LY Leap ដោយសហការជាមួយមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រហូតស្រាវជ្រាវឈានដល់ឃាត់ខ្លួន ជនសង្ស័យ២នាក់តែម្តង។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធមានឈ្មោះ សុខ លា (ប្តី) និងប្រពន្ធឈ្មោះ សុខ លីដា ដោយឃាត់នៅផ្ទះសំណាក់គ្រីនផាក ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីយកមកធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន។ ជាលទ្ធផលពួកគេមានវិជ្ជមានសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕