(សៀមរាប)៖ ករណីអគ្គិភ័យបានឆាបឆេះតុបលក់ដូររបស់អាជីវក និងផ្ទះប្រជាពលរដ្ឋខ្នង នៅផ្សារក្រោម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៤:៥០នាទីព្រឹក ស្ថិតនៅចំណុចតូបលក់ដូរមុខផ្សារក្រោម(ចាស់) ស្ថិតក្នុងក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ករណីអគ្គិភ័យនេះ បណ្ដាលឱ្យឆេះតូបលក់ដូរអស់ចំនួន ៤តូប, ផ្ទះចំនួន ០១ខ្នង (ខូចខាតទាំងស្រុង)។ ដោយឡែកម្ចាស់ផ្ទះជួលតូបមានឈ្មោះ លី ដារី ភេទស្រី អាយុ៣២ ឆ្នាំមុខរបរលក់ដូរ។

អគ្គិភ័យនេះដែរ បណ្ដាលឱ្យមនុស្សស្លាប់២នាក់ គឺស្រ្តីឈ្មោះ វ៉ឹក ឡាន អាយុ២៧ឆ្នាំ (មានផ្ទៃពោះ២ខែ) មុខរបរលក់ដូរ និងកូនប្រុសឈ្មោះ ង៉ិក ឌី អាយុ៤ឆ្នាំ។

ក្នុងរបាយការណ៍ដដែល បានបន្តថា ករណីអគ្គិភ័យនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៦គ្រឿង (រថយន្តស្នងការខេត្តចំនួន ០៣គ្រឿង, រថយន្តអជ្ញាធរអប្សរាចំនួន ០២គ្រឿង, រថយន្តបុរីទេសចរណ៍ចំនួន ០១គ្រឿង) ប្រេីប្រាស់ទឹកអស់ចំនួន​ ៦​ឡាន​។

សូមបញ្ជាក់ថា អគ្គិភ័យបានរលត់វិញនៅវេលាម៉ោង ៦:២០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។ ចំពោះមូលហតុនៅមិនទាន់ដឹងច្បាស់នៅឡើយ។

ជាមួយនេះដែរ លោក ប្រាក់ សោភ័ណ អភិបាល​ខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យផ្ទាល់ ទីតាំងកន្លែងកើតហេតុភ្លាមៗផងដែរ៕