(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំបី នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកអំណោយជាស្បៀអាហាររបស់រាជរដ្ឋាបាលចែកជូនគ្រួសារមានជីវភាពខ្វះខាតជួបការលំបាក ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រាចំនួន១៧០គ្រួសារនៅស្រុកអូរយ៉ាដាវ។

បើតាមការលើកឡើងរបស់លោក ហេង ប៊ុន្នី អភិបាលស្រុកអូរយ៉ាដាវ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៧០គ្រួសារ ដែលអញ្ជើញមកទទួលអំណោយនាពេលនេះ មកពីភូមិចំនួន៨ ក្នុងឃុំចំនួន២ គឺឃុំលំជ័រ និងឃុំប៉ាតេ។

ជំនួសមុខឱ្យប្រជាពលរដ្ឋ អភិបាលស្រុកអូរយ៉ាវដាវ បានគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល គោរពអរគុណលោកអភិបាលខេត្តរតនគិរី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានគិតគូរយកចិត្តទុកដាក់ចំពោះ សុខទុក្ខប្រជាពលរដ្ឋស្រុកអូរយ៉ាដាវ ដែលមានជីវភាពខ្វះខាតនៅទីនេះ បានទទួលអំណោយជាស្បៀងអាហារយកទៅដោះស្រាយក្នុងជីវភាពរស់នៅបានមួយរយៈ។

លោក ញ៉ែម សំអឿន បានលើកឡើងថា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តរតនគិរី ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋ នៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះខ្វះខាត និងដោះស្រាយជីវភាពរបស់ពលរដ្ឋបានមួយកម្រិត សំដៅរួមចំណែកលើកកម្ពស់ជីវភាពរបស់ពលរដ្ឋឲ្យកាន់តែល្អថែមទៀត។

អភិបាលខេត្តក៏បានថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលតែងតែបានចូលរួមសហការនិងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជនគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនពលរដ្ឋក្នុង១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ភួយ១ និងមុង១។ ដោយឡែកនៅក្នុងឱកាសនេះដែរ លោកអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាផ្ទាល់ ជូនជនចាស់ជរាជាងគេមួយចំនួន។

លោក ញ៉ែម សំអឿន បានដឹកនាំមន្ត្រីក្រោមឱវាទប្រគេនទេយវត្ថុ និងបច្ច័យដែលបានមកទឹកចិត្តសទ្ធាជ្រះថ្លាប្រគេនព្រះចៅអធិការវត្តអូរយ៉ាដាវផងដែរ៕