(កោះកុង)៖ លោក ហួន នុន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចេញមកបំភ្លឺក្រោយលោកត្រូវបានគេចោទប្រកាន់ថា លោកយកដីស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីទៅសាងសង់លំនៅដ្ឋានឮនៅឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង។

លោក ហួន នុន ស្នងការរងខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៥ ខែធ្នូនេះថា ការចោទប្រកាន់ពីមហាជនដែលចោទប្រកាន់ថា លោកបានយកដីស្នាក់ការប៉ុស្តិ៍របស់អង្គភាព មកសាងសង់លំនៅដ្ឋាន គឺដីដែលលោកសាងសង់ផ្ទះនេះ មិនមានការពាក់ព័ន្ធដីស្នាក់ការប៉ុសិ៍្តរបស់អង្គភាព ឬបុគ្គលណាម្នាក់នោះឡើយ ហើយការសាងសង់លំនៅដ្ឋានរបស់លោក គឺមានច្បាប់អនុញ្ញាតឲ្យសាងសង់ត្រឹមត្រូវ ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។

លោក ហួន នុន បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០២១ ក្នុងនាមលោកជាអធិការស្រុកស្រែអំបិល លោកបានសុំមេឃុំស្រែអំបិល រកទីតាំងដីតូចមួយដើម្បីសាងសង់ប៉ុស្តិ៍នគរបាលបណ្ដោះអាសន្ន ដើម្បីឲ្យមន្ត្រីនគរបាល មានកន្លែងធ្វើការឲ្យបានសមរម្យ ព្រោះយល់ឃើញថា កន្លងមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល មិនទាន់មានកន្លែងបំពេញការងារល្អ។ កន្លងមកប៉ុស្តិ៍ដែលឈរជើង គឺច្រកក្រោមដំបូលសំយាបសាលាឃុំស្រែអំបិល អស់រយៈពេលរាប់សិបឆ្នាំមកហើយ។

ក្រោយមកខាងសាលាឃុំស្រែអំបិល បានស្នើឲ្យផ្លាស់ប្ដូរទីតាំងប៉ុស្តិ៍ ដើម្បីសាលាឃុំធ្វើអាគារធនធានរបស់ឃុំឡើងវិញ ហើយពេលនោះ ក្នុងនាមលោកជាអធិការស្រុក បានពិភាក្សាជាមួយមេឃុំ និងបានជម្រាបជូនអភិបាល ស្រុកផងដែរ ពីការផ្លាស់ប្ដូរ និងការសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលបណ្ដោះអាសន្ន គឺប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល។ លោកបានបន្តថា ការពិភាក្សាក៏មានការអនុញ្ញាត និងមានការឯកភាពពីអភិបាលស្រុកស្រែអំបិលផងដែរ។

ក្រោយមកទៀតមេឃុំ មេក្រុមបានចុះពិនិត្យរកទីតាំងដីរដ្ឋដែលនៅសេសសល់ពីការលុបទឹកជ្រៅមួយកន្លែងនៅទំនេរ ហើយក៏ជាដីរបស់រដ្ឋអាជ្ញាធរឃុំ ជាអ្នកកាន់កាប់ដែរ។ ក្រោយមកគាត់ពិនិត្យឃើញមានប្រជាពលរដ្ឋម្នាក់ ទៅបោះបង្គោលរំលោភយកដីធ្វើជាកម្មសិទ្ធិឯកជន តែមិនបានបោះយកអស់នោះទេ គឺនៅសេសសល់ក្នុងការលុប១កន្លែង សល់ក្បាលដីជាង១០ម៉ែត្រ ដែលអាចសាងសង់ប៉ុស្តិ៍នគរបាលបណ្ដោះអាសន្ន។

លោកបានចាក់អាចម៍ដីបំពេញ ហើយសាងសង់ស្នាក់ការប៉ុស្តិ៍បណ្ដោះអាសន្ននោះឡើង មានទំហំ៦,២០ម៉ែត្រx១៥ម៉ែត្រ មានផ្ទៃដីសរុប១៩០ម៉ែត្រការ៉េ។ ការសាងសង់ប៉ុស្តិ៍រដ្ឋបាលនេះ លោកបានចំណែកថវិកាផ្ទាល់ខ្លួន របស់ក្រុមគ្រួសារលោក។

ក្រោយពីសាងសង់រួចរាល់ លោកបានធ្វើលិខិតគោរពជូនលោកឧត្តមសេនីយ៍ទោ ដើម្បីសុំគោលការណ៍លោកផ្លាស់ប្ដូរទីតាំងប៉ុស្តិ៍រដ្ឋបាលចាស់ មកបម្រើការងារនៅប៉ុស្តិ៍រដ្ឋបាលថ្មីវិញ ដោយលោក និងក្រុមគ្រួសារជាអ្នកសាងសង់ ទាំងស្រុង ហើយក៏មានការឯកភាពពីលោកស្នងការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះផងដែរ។

ចំពោះផ្ទះរបស់លោក ដែលកំពុងសាងសង់នេះ ពុំមានពាក់ព័ន្ធជាមួយដីរបស់ស្នាក់ការប៉ុស្តិ៍រដ្ឋបាល ឬបុគ្គលណាម្នាក់ឡើយ។ ដីនេះមេឃុំស្រែអំបិល បានឲ្យលោកទទេ ដែលមានទំហំ៦,៧ម៉ែត្រ ដែលជាប់នឹងដីប៉ុស្តិ៍រដ្ឋបាល នេះតែម្ដង ហើយលោកក៏បានសុំដីអ្នកជិតខាងបាន៥ម៉ែត្របន្ថែម ដើម្បីសាងសង់លំនៅឋាន។ លោកបានបញ្ជាក់ថា ដីបម្រុងសម្រាប់សាងសង់ប៉ុស្តិ៍រដ្ឋបាល មាននៅក្រោយផ្សារស្រែអំបិល ប៉ុន្តែអ្នកផ្សារយកសំរាមចាក់គរពេញ។

លោក កែវ សុខ មេឃុំស្រែអំបិល បានឲ្យដឹងថា ដីដែលលោក ហួន នុន កំពង់សាងសង់នេះលោកបានប្រគល់ជូនឲ្យគាត់មែន ដោយមិនមានពាក់ព័ន្ធដីប៉ុស្តិ៍រដ្ឋបាលនោះទេ ពីព្រោះលោកមើលផ្ទះលោក ហួន នុន នៅឆ្ងាយពីកន្លែងធ្វើការដី៥០គីឡូ ហើយលោកក៏មានស្នាដៃក្នុងការបំពេញការងារ និងបានចំណាយថវិកាផ្ទាល់ខ្លួនសាងសង់ទីស្នាកការប៉ុសិ៍្តរដ្ឋបាលទៀតផងដែរ។

លោកមេបានបន្តថា ការពីមុនប៉ុសិ៍្តរដ្ឋបាលស្ថិតនៅពីក្រោយសាលាឃុំតូចចង្អៀតជាលក្ខណៈឈើមានសភាពទ្រុឌទ្រោម ហើយប៉ុសិ៍្តចាស់នេះខាងអធិកាសុំឃុំនៅបណ្ដោះអាសន្ន ឃុំត្រូវការសាងសង់អគារធនធានរបស់ឃុំវិញ ទើបលោករកដីសេសសល់របស់ឃុំឲ្យសាងសង់ប៉ុសិ៍្តទៅ ហើយការសាងសង់ គឺគាត់មានច្បាប់អនុញ្ញាតត្រឹមត្រូវស្របទៅផ្លូវច្បាប់។

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានឲ្យដឹងថា ចំពោះសំណង់លោក ហួន នុន គឺមានច្បាប់អនុញ្ញាតឲ្យសាងសង់ត្រឹមត្រូវ ពីព្រោះមានការឯកភាពពីគណៈកម្មការមូលដ្ឋានចុះពិនិត្យយ៉ាងត្រឹមត្រូវ និងមានការឯកភាពយល់ព្រមពីអ្នកជាប់ព្រំដីគ្នាផ្តិតមេដៃ ដោយមិនជំទាស់ទើបអាចសាងសង់បាន បើមានភាគីណាម្នាក់ជំទាស់ ឬគ្មានច្បាប់អនុញ្ញាត មិនអាចសាសង់បានដែរ៕