(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត ២០២៣-២០៣២ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានបញ្ជាក់ថា សុខភាពផ្លូវចិត្ត គឺជាសមាសធាតុមួយដ៏សំខាន់សម្រាប់សុខភាព របស់យើងទាំងអស់គ្នា។ គ្មានសុខភាពណា ដែលគ្មានសុខភាពផ្លូវចិត្តនោះទេ។ កាយ និងចិត្ត តែងតែមានទំនាក់ទំនងជាប់គ្នាជានិច្ច មានអន្តរអំពើទៅវិញទៅមក ហើយមិនអាចកាត់ផ្តាច់ពីគ្នាបានទេ។ ដូច្នេះសុខភាពផ្លូវចិត្ដ គឺការទទូលខុសត្រូវរបស់យើងគ្រប់គ្នា ហើយក៏ជាធាតុសំខាន់សម្រាប់ធានាឱ្យធនធានមនុស្ស ដែលមានគុណភាពផងដែរ។

លោករដ្ឋមន្ដ្រីបានថ្លែងទៀតថា «តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក ក៏បានបង្ហាញអំពី ទំនាក់ទំនងនៃសុខភាពផ្លូវចិត្ត និងការអភិវឌ្ឍ ដែលជាវដ្តនៃភាពក្រីក្រ និងជំងឺផ្លូវចិត្ត គឺជាអន្ទាក់នៃភាពក្រីក្រ។ សុខភាពផ្លូវចិត្ដនេះមានសារៈក្នុងការគ្រប់គ្រងសង្គម នៅដែនសមត្ថកិច្ចរបស់ខេត្ដរាជធានី កាលណាមានជំងឺសុខភាពផ្លូវចិត្ដ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាមិនខាន។ យើងត្រូវតែខិតខំយកចិត្ដទុកដាក់ បង្ការ ការពារ ព្យាបាលឱ្យបានទាន់ពេលវេលា ដែលធ្វើឱ្យមានផលចំណេញដល់គ្រួសារ សង្គមជាតិ រួមទាំងពិភពលោក ។ដូច្នេះការលើកកម្ពស់ផ្លូវចិត្ដ នឹងរួមចំណែកនៅក្នុងកំណើនសេដ្ឋកិច្ចផងដែរ»

ក្នុងចំណុចខាងលើនេះ អង្គការសុខភាពពិភពលោកក៏បានបង្ហាញថា ជារៀងរាល់ឆ្នាំពិភពលោកបានខាតបង់ថ្ងៃធ្វើការចំនួន ១២ពាន់លានថ្ងៃ ក្នុង១ឆ្នាំ និងខាតបង់សេដ្ឋកិច្ចប្រមាណ ១លានដុល្លារសហរដ្ឋអាមេរិក ដោយសារការថយចុះនៃផលិតភាព បណ្តាលមកពីបញ្ហាសុខភាពផ្លូវចិត្ត។ ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក និងធនាគារពិភពលោក ក៏បានបង្ហាញថា ការវិនិយោគ (ដាក់ទុន) ១ដុល្លារ ក្នុងអភិវឌ្ឍសេវាព្យាបាលជំងឺផ្លូវចិត្ត និងការព្យាបាលជំងឺផ្លូវចិត្តដែលមានញឹកញាប់ និងទទួលបានមកវិញ ៤ដុល្លារ ក្នុងន័យផលិតភាព និងសុខភាពមានភាពល្អប្រសើឡើង។

ដូច្នេះក្នុងឱកាសប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រសុខភាពផ្លូវចិត្ត ឆ្នាំ២០២៣-២០៣២ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍មួយចំនួនបន្ថែមផងដែរ រួមមាន៖

* លើកទឹកចិត្តឱ្យមានកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត និងបង្ការជំងឺផ្លូវចិត្ត

* គ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាល ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលឯកទេសជំងឺផ្លូវចិត្ត ជំនាញវេជ្ជសាស្រ្តសុខភាពផ្លូវចិត្ត និងវិទ្យាសាស្រ្តនៃឥរិយាបថថ្មីៗថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ព្រមទាំងត្រូវដាក់បញ្ចូលផ្នែកសុខភាពផ្លូវចិត្តសាធារណៈ ទៅក្នុងការបណ្តុះបណ្តាលពាក់ព័ន្ធនិងសុខភាពសាធារណៈ ដើម្បីបង្កើនចំណេះដឹង ស្តីពីសុខភាពសាធារណៈឱ្យបានគ្រប់ជ្រុងជ្រោយ។

* សេវាសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពង្រីកសេវាថែទាំ និងព្យាបាលជំងឺផ្លូវចិត្ត ទាំងសេវាពិគ្រោះជំងឺផ្លូវចិត្ត និងសេវាព្យាបាលជំងឺផ្លូវចិត្តសម្រាកពេទ្យ ឱ្យកាន់ តែទូលំទូលាយ និងមានជម្រើសច្រើនយ៉ាងសម្រាប់ប្រជាជន ដើម្បីឈានទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។

* គ្រប់អង្គភាពសុខាភិបាល គួររៀបចំឱ្យមានសេវាផ្តល់ប្រឹក្សាផ្លូវចិត្តសម្រាប់បុគ្គលិក (Staff Counselling) ដើម្បីលើកកម្ពស់គុណភាពនៃការងារ។

* ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងសេវាឯកជន ឬអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់ការថែទាំ ព្យាបាលជំងឺផ្លូវចិត្ត ដោយមិនប្រើឱសថ (Non medication intervention) ។

ទន្ទឹងនឹងនោះលោករដ្ឋមន្ដ្រី ក៏ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋ ត្រូវចូររួមគ្នាលើកកម្ពស់សុខភាពផ្លូវចិត្ត និងសូមបញ្ឈប់ការមាក់ងាយ ឬ រើសអើងអ្នកជំងឺផ្លូវចិត្ត។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី ឈាង រ៉ា បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ដៃគូដែលពាក់ព័ន្ធទាំងអស់ សូមជួយគាំទ្រធនធានបន្ថែមទៀត ដើម្បីធ្វើឱ្យការប្រតិបត្តិនៃផែនការយុទ្ធសាស្រ្តនេះ មានប្រសិទ្ធភាព អនុលោមតាមក្របខណ្ឌការងារដែលមានក្នុងផែនការយុទ្ធសាស្រ្ត ពីព្រោះបញ្ហាសុខភាពផ្លូវចិត្ត ជាអាទិភាពមួយដែលបាននិងកំពុងលេចឡើង ក្នុងវិស័យសុខាភិបាលផងដែរ។

ថ្វីត្បិតតែផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្តនេះ មានលក្ខណៈជាផែនការវិស័យក៏ដោយ ក៏សុខភាពផ្លូវចិត្តមាននៅគ្រប់ទីកន្លែង និងមានលក្ខណៈប្រទាក់ក្រឡា ដូច្នេះក្នុងការអនុវត្តសកម្មភាពខ្លះ ទាមទារឱ្យមានកិច្ចសហការក្នុងវិស័យ និងពហុវិស័យដើម្បីសម្រេចឱ្យបាននូវគោលបំណងរួមគ្នា៕