(ភ្នំពេញ)៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃតី២៦ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវ និងកាំបិតកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់) ក្រោយពីបង្ក្រាបបានចំនួន២ករណីផ្សេងគ្នា។

*ករណីទី១៖ កាលពីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ២០នាក់ ជិះម៉ូតូ១០គ្រឿង បានប្រើដាវ និងកាំបិតកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់កែងដៃ និងក្រោមក្បាលជង្គង់ធ្ងន់ធ្ងរ និងបណ្តាលឲ្យខូចខាតម៉ូតូយ៉ាងដំណំ នៅចំណុចក្នុងបុរីឈូកមាស ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ជាបន្តបន្ទាប់ រួមមាន៖ ឈ្មោះ ឆន វ៉ាន់នុត អាយុ១៥ឆ្នាំ, ឈ្មោះ ទូច រាជសី អាយុ១៥ឆ្នាំ និងឈ្មោះ ជា វ៉ាន់ឌី អាយុ១៤ឆ្នាំ។

*ករណីទី២៖ កាលពីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ១២នាក់ ជិះម៉ូតូជិត១០គ្រឿង បានប្រើដាវ និងកាំបិតកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍នេះកើតឡើងនៅចំណុចមុខវត្តចាស់ ផ្លូវទន្លេសាប ស្ថិតភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រហូតមកដល់វេលាម៉ោង១១៖៥៥នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សុខ ស្រស់ ហៅហ្វុង អាយុ១៨ឆ្នាំ។

ចំណែកបក្ខពួកក្មេងស្ទាវទាំង២ក្រុម ដែលនៅសេសសល់ និងរត់គេច សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត៕