(ភ្នំពេញ)៖ ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅមុននេះបន្តិច បានចេញសេចក្តីប្រកាសមួយជូនដល់អតិថិជន ដែលបានទិញផ្ទះរបស់ក្រុមហ៊ុន ក៏ដូចជាសារធារណៈជនទូទៅ ឲ្យជ្រាបជាដំណឹង អំពីដំណើរការ និងសកម្មភាពសាងសង់ផ្ទះ នៅក្នុងបុរី។

ខ្លឹមសារនៃសេចក្ដីប្រកាសជូនដំណឹង ដែល Fresh News ទើបទទួលបាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា៖
បច្ចុប្បន្នក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានបន្តសកម្មភាពនៃការសាងសង់ផ្ទះក្នុងគម្រោង 6A ជូនអតិថិជនយ៉ាងសកម្ម ដូចដែលឃើញក្នុងការផ្សព្វផ្សាយនូវ Page ផ្លូវកាអ្នកឧកញ៉ាឡេងណាវ៉ាត្រា ជារៀងរាល់ថ្ងៃ។ ចំពោះអតិថិជនមានការសម្រួលសម្រួលជូនជាហូរហែ ដោយអតិថិជនមានជម្រើសជាច្រើនដែលបុរី ឡេង ណាវ៉ាត្រា អនុវត្តជារៀងរាល់ថ្ងៃ ដូចមាននៅខាងក្រោម៖
ទី១. ពន្យារទុកពេលឲ្យក្រុមហ៊ុនបានសាងសង់បញ្ចប់ជូន។
ទី២. ដោះដូរផ្ទះសង់រួចរាល់គម្រោង 6A ផ្លូវជាតិលេខ៣ គម្រោងទួលពង្រ គម្រោងកំបូល ដែលសង់រួចរាល់។
ទី៣. ដោះដូរជាដីវាយតម្លៃស្មើនិងលុយ ទីតាំងដីដែលអតិថិជនពេញចិត្ត។
ទី៤. សម្រួល៥០% ត្រឡប់លុយទៅវិញនៃប្រាក់ដើម ដូចក្រុមហ៊ុនដទៃ។
ទី៥. ផ្តល់ផ្ទះស្នាក់នៅបណ្តោះអាសន្ន ទម្រាំផ្ទះផ្ទាល់ខ្លួនសាងសង់ចប់។

ជម្រើសជាច្រើនខាងលើនេះ គឺជាដំណោះស្រាយឈរលើមូលដ្ឋាន ការពារផលប្រយោជន៍អតិថិជន និងអ្វីដែលក្រុមហ៊ុនអាចធ្វើទៅបាន អតិថិជនមានសិទ្ធិជ្រើសរើស ទៅតាមអ្វីដែលអតិថិជនពេញចិត្ត នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ ក្រុមហ៊ុនមិនដែលគេចវេស និងមិនដែលព្រងើយកន្តើយចំពោះអតិថិជនឡើយ ប៉ុន្តែក្រុមហ៊ុនពិតជាមិនអាចធ្វើអ្វីទៅតាមការទាមទារទាំងស្រុងបានទេ ព្រោះក្រុមហ៊ុនត្រូវមានបន្ទុកធំ ក្នុងការទទួល ខុសត្រូវជូនអតិថិជនរាប់ម៉ឺននាក់ទាំងអស់ផងដែរ ដោយទទួលការយកចិត្តទុកដាក់ប្រហាក់ប្រហែលគ្នា ដូចៗគ្នាគ្រប់អតិថិជនទាំងអស់។

ដោយឡែកអតិថិជនឈ្មោះ ជុំ សូគ្រឹះ facebook (Kreas In) សាច់រឿងបែបនេះ ផ្ទះគាត់មានការយឺតយ៉ាវ ហើយក្រុមការងាយើងខ្ញុំបានព្យាយាមដោះស្រាយជូនដោយ៖
- ផ្លាស់ប្តូរផ្ទះ ដែលរួចរាល់ស្រាប់នូវគម្រោងក្នុងនោះស្រាប់ផ្លូវលេខ៣ គាត់ក៏មិនព្រម។ - គាត់ថាមិនមានលទ្ធភាពបង់បន្ត
- គាត់ដាក់សម្ពាធ ទារប្រាក់ដើមត្រលប់វិញ១០០% ក្នុងកាលៈទេសៈនេះ ក្រុមហ៊ុនមិនអាចផ្ដល់ប្រាក់ឲ្យគាត់ ដូចដែលគាត់ចង់បានទ។
- ក្រុមហ៊ុនបានផ្តល់ជម្រើស និងលទ្ធភាពដោយផ្តល់ត្រឡប់ថវិកាវិញ ៥០%នៃប្រាក់ដើម។

អតិថិជនរាប់ម៉ឺននាក់ ក្នុងកាលៈទេសៈនេះចង់បានប្រាក់វិញ១០០% ភ្លាមៗពិតជាមិនអាចធ្វើអ្វីទៅតាម ការស្នើសុំចង់បានទាំងស្រុងបាននោះទេ។ ក្រុមហ៊ុនពិតជាមិនមានបំណងណាមួយ ចង់ឈ្នះចាញ់ ឬចង់វែង ឆ្ងាយនោះទេ គ្រាន់តែចង់បកស្រាយជូនអតិថិជន និងមហាជនបានជ្រាបថា៖

* ការដោះស្រាយត្រូវដោះស្រាយក្នុងអតិថិជនរាប់ម៉ឺននាក់ ត្រូវដោះស្រាយអតិថិជនទាំងអស់ឲ្យដូចគ្នា មិនអាចដោះស្រាយលំអៀងទៅអតិថិជនមួយណាឡើយ។ បច្ចុប្បន្ននេះពិតជាមានភាពលំបាកជា ខ្លាំងបន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកលលោក។ បញ្ហានេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យអចលនទ្រព្យ ក្នុងនោះបុរី ឡេង ណាវ៉ាត្រា ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ ប៉ុន្តែក្រុមហ៊ុននៅតែខិតខំបន្តសាងសង់ផ្ទះជូនអតិថិជន យ៉ាងយកចិត្តទុកដាក់។ ផ្ទះរាប់ពាន់ល្វែងក្រុមហ៊ុនបានសាងសង់រួចរាល់ និងប្រគល់ជូនបន្តបន្ទាប់ និងមួយចំនួនទៀតកំពុង តែមានការសាងសង់ជារៀងរាល់ថ្ងៃដើម្បីឈានទៅរកការបញ្ចប់ជូន១០០%។ «តំបន់(ប្លុក)ដែលមានភាពយឺតយ៉ាវពីមុនអតិថិជនចប់សព្វគ្រប់បាន ក្រុមហ៊ុនបាននិងកំពុងបន្តធ្វើប្រដេញតាមផែនការពីមុខមកក្រោយ ជារៀងរាល់ថ្ងៃនៅក្នុងគោលដៅសម្រេចដូចគ្នា»។

* ចំពោះការចាក់បំពេញដី បច្ចុប្បន្នឡានរាប់រយគ្រឿងដឹកដីមកចាក់បំពេញទៅតាមផែនការ ក្នុងមួយថ្ងៃៗទទួលបានដីជាច្រើនម៉ែត្រគូបចូលមកគម្រោង។ តែទោះបីជាក្រុមហ៊ុន បានខិតខំប្រឹងប្រែង យ៉ាងណាក្តីក៏ការសាងសង់នេះមានការយឺតយ៉ាវលើអតិថិជនមួយចំនួនផងដែរ។ ជារួមសកម្មភាពជាក់ស្តែង បានបង្ហាញឲ្យឃើញអំពីជំហរការទទួលខុសត្រូវក្នុងការបំពេញបេសកម្ម ដើម្បីបុព្វហេតុដី
និងផ្ទះរបស់បងប្អូនអតិថិជន។

ក្រុមហ៊ុនសូមបញ្ជាក់ថា មានពាក្យចចាមអារ៉ាមថា គម្រោងមិនមានសកម្មភាពបន្ត មិនមែនជាការពិតនោះទ ព្រោះគម្រោងមានផ្ទះរាប់ម៉ឺនល្វែង គឺប្រឹងប្រែងបំពេញកាតព្វកិច្ច និងសកម្មភាពក្នុងការអភិវឌ្ឍន៍ឥតឈប់ឈរ។ សូមបងប្អូនមហាជន និងអតិថិជនមេត្តាជ្រាប និងពិនិត្យមើលរូបខាងក្រោម នេះជារូបភាពបច្ចុប្បន្ន៕