(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីបំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត អំពីសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីសកម្មភាពរុះរើសំណង់មិនស្របច្បាប់ដោយបង្ខំរបស់ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ស្ថិតនៅក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ការផ្សព្វផ្សាយទាំងនេះគឺបានផ្ទុយពីការពិតជាក់ស្តែង បង្កើតឱ្យមានការយល់ច្រឡំពីសាធារណជនមកលើអាជ្ញាធរជាតិអប្សរា។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបច្បាស់អំពីករណីនេះដូចខាងក្រោម៖

១. សំណង់ដែលជាកម្មវត្ថុនៃការរុះរើ គឺជាប្រភេទសំណង់មិនស្របច្បាប់ដែលសាងសង់គ្មានការអនុញ្ញាត កើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ។

២. ជាវិធានការណ៍ទប់ស្កាត់ ក្រុមការងារបានប្រគល់លិខិតជូនដំណឹងតម្រូវឱ្យម្ចាស់រុះរើចេញវិញដោយខ្លួនឯង ក្នុងនោះបានទុកពេលវេលាចំនួន៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០២៣ ជាកំហិត។ កិច្ចការនេះមានលោកមេភូមិសណ្ដាន់បានដឹងឮ។

៣. ក្រោយមកដោយមានការស្នើសុំពីម្ចាស់សំណង់មិនស្របច្បាប់ខាងលើថានឹងរុះរើសំណង់ទាំងនេះដោយខ្លួនឯង ក្រុមការងារទប់ស្កាត់សំណង់មិនស្របច្បាប់បានឱ្យម្ចាស់សំណង់ចុះកិច្ចសន្យារុះរើស័្មគ្រចិត្ត ដោយទុកពេលវេលាចំនួន៣ ថ្ងៃ គិតចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

៤. តាមរយៈនេះអាជ្ញាធរជាតិអប្សរាបានទុកពេលវេលាសមស្រប សម្រាប់ម្ចាស់សំណង់ធ្វើការរុះរើដោយខ្លួនឯងអស់រយៈពេលជាច្រើនខែមកហើយ។

៥. បុគ្គលម្នាក់ដែលបានយំសោកក្នុងព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមនោះ មិនមែនជាម្ចាស់ផ្ទះខាងលើឡើយ។

ទង្វើរបស់ជននេះពិតជាមានបំណងបង្កាច់បង្ខូចកិត្តិយសមន្ត្រីអាជ្ញាធរជាតិអប្សរា ក្នុងសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរមរតកដូនតាព្រលឹងជាតិខ្មែរ។ សកម្មភាពនេះពិតណាស់ធ្វើឡើងដើម្បីប្រយោជន៍បុគ្គលខ្លួនឯងផ្ទាល់ និងបានធ្វើឱ្យប៉ះពាល់ផងដែរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕