(កណ្តាល)៖ តុលាការខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បានសហការជាមួយគណកម្មការដោះស្រាយវិវាទខេត្ត-ក្រសួង សមត្ថកិច្ចអាជ្ញាធរ និងសហព័ន្ឋសហជីពចំនួន៧ ប្រកាសអនុវត្តដីកាសម្រេចរក្សាការពារ សម្រេចរឹបអូសជាបណ្ណោះអាសន្ននូវទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុន «ហ្គ្រេនអូនើ» ដែលមានតម្លៃជិត៣លានដុល្លារ ដើម្បីលក់ទូទាត់ប្រាក់បំណាច់ជូនកម្មករចំនួនជាង៩០០នាក់។

លោក សោម អូន ប្រធានសភាសហព័ន្ធសហជីពជាតិកម្មករ បានថ្លែងឲ្យដឹងថា «ក្នុងនាមសហជីពម្នាក់ខ្ញុំពិតជាមានការសោកស្តាយ ចំពោះអ្នកវិនិយោគមានគំនិតទុច្ចរិត មិនស្មោះត្រង់ជាមួយកម្មករ ពេលចំណេញវេញលុយទៅស្រុក ពេលមិនសូវចំណេញរត់ចោលកម្មករ ផ្ទេរការលំបាកជូនរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកដោះស្រាយវិញ»។

សូមបញ្ជាក់ថា រោងចក្រនេះ ស្ថិតនៅឃុំសិត្យូ ស្រុកស្អាង ខេត្តកណ្តាល មានបញ្ហាជាបន្តបន្ទាប់ជិតមួយឆ្នាំហើយដោយក្រុមហ៊ុនមិនបានអនុវត្តត្រឹមត្រូវតាមច្បាប់ការងារ និងបទដ្ឋានផ្សេងៗ ហើយនៅរយៈពេលចុងក្រោយនេះ ថៅកែបានគេចខ្លួនមិនទូទាត់លុយអោយកម្មករចំនួនជាង៩០០នាក់ ដែលម្នាក់ៗមានអតីតភាពរហូតដល់១៩ឆ្នាំ សរុបជាទឹកប្រាក់តាមច្បាប់ការងារគឺប្រហែលជិត៣លានដុល្លារ៕