(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៣ បានថ្លែងថា សារព័ត៌មានឌឹខេមបូឌាដេលី (The Cambodia Daily Khmer)​ ជ្រកក្រោមស្លាកសារព័ត៌មាន តែធ្វើសកម្មភាពថោកទាប។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ សម្តេចធិបតី​ បានឲ្យដឹងថា ការណ៍ដែលសម្តេចចេញប្រតិកម្មលើ​ការ​ផ្សាយបំភ្លៃរបស់ឌឹខេមបូឌាដេលី លើគម្រោងព្រែកជីកហ្វូណន-តេជោ គឺជាការការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមន្ត្រី។

កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កាសែតឌីខេមបូឌាដេលី បានចុះផ្សាយលើគេហទំព័ររបស់ខ្លួន និង គណនីទំព័រហ្វេសប៊ុក «The Cambodia Daily Khmer» ដោយបានលើកឡើងថា «មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០ លានដុល្លារអាម៉េរិកសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ ទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់ លានដុល្លារអាម៉េរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា»

ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការច្រានចោលនូវព័ត៌មានខាងលើ ដោយសារជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការដឹកនាំមានជម្រើសទាំងផ្លូវគោក និងផ្លូវទឹក។ ហេតុអ្វីបានជា ៩០ភាគរយ នៃទំនិញលើពិភពលោក នៅតែដឹកតាមផ្លូវទឹក ដោយសារដឹកបានវាច្រើន ហើយវាថោក។ អីចឹងហើយ បានបង្កើតផ្លូវទឹកមួយទៀត​ តភ្ជាប់នៅក្នុងទឹកដីយើង មិនមែនកាត់មួយកំណាត់ក្រោមឲ្យវៀតណាមទេ ដើម្បីឲ្យប្រជាពលរដ្ឋយើង ជាពិសេសប្រជាពលរដ្ឋយើង ដែលធ្វើសេដ្ឋកិច្ច ជាពិសេសភ្ជាប់ផែទឹកសាប និងផែទឹកប្រៃ ដើម្បីសេដ្ឋកិច្ចរបស់យើង ហើយខ្ញុំមិនជឿថាមន្ត្រីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនយល់ពីអត្ថប្រយោជន៍ ដែលគម្រោងនេះ (ហ្វូណន) គ្មានបានផលអ្វីដល់កម្ពុជា ខ្ញុំមិនជឿថា មានមន្ត្រីល្ងង់បែបនេះទេ។ អីចឹង រឿងដែលក្រុម ២០នាក់នេះ ជ្រកនៅក្រោមស្លាកសញ្ញា អាដេលី ស្អីៗណា នៅក្រៅប្រទេសរាល់ថ្ងៃបង្កើតតែរឿង [...] ដល់ថ្នាក់ ក្រោមសីលធម៌វិជ្ជាជីវៈវាគ្មាន ជ្រកក្រោមពាក្យថាព័ត៌មាន តែធ្វើទង្វើថោកទាប»។

សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយ បើខុសត្រូវហ៊ានកែតម្រូវ។ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមិនខ្លាចព័ត៌មានអវិជ្ជមាននោះឡើយ។ ព័ត៌មានអវិជ្ជមាននេះហើយ បានជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនបានខ្ចីលុយបំណុលចិនមកសាងសង់នោះទេ គឺសង់ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ក្នុងទម្រង់ BOT។

សម្តេចធិបតី បានថ្លែងបន្តថា សម្តេចមិនជឿថាមន្ត្រីក្រសួងសេដ្ឋកិច្ចល្ងង់ដូចផ្សាយបំភ្លៃរបស់ព័ត៌មានប្រតិក្រិយានោះឡើយ។ រាជរដ្ឋាភិបាលប្រឹងប្រែងសង់ព្រែកជីកហ្វូណន-តេជោ ដើម្បីពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឆាំងក្រៅប្រទេស ជាក្រុមប្រឆាំង ដើម្បីតែប្រឆាំង។ សម្តេចធិបតី បានថ្លែងថា សម្តេចពេញចិត្តនឹងសម្តីរបស់លោក វីនស្តុន ឆឺឈីល អ្នកនយោបាយអង់គ្លេស ដែលបានលើកឡើងថា «បើរវល់គប់គ្រប់តែឆ្កែ មិនអាចទៅដល់គោលដៅឡើយ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ ប្រមូលផ្តុំអ្នកជំនាញសិក្សា និងគិតខ្លាំងណាស់ ដើម្បីធានាប្រយោជន៍សម្រាប់ជាតិ៕