(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងដែលរាជរដ្ឋាភិបាលទាំងអាណត្តិទី៦ និងទី៧នេះ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឱ្យលេចរូបរាងឡើង សំដៅពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ចជាតិ។

សម្តេចបញ្ជាក់ទៀតថា គម្រោងព្រែកជីកហ្វូណន-តេជោនេះ ត្រូវបានប្រមូលផ្តុំអ្នកជំនាញជាតិ-អន្តរជាតិសិក្សា វាយតម្លៃ និងគិតគូរជ្រុងជ្រោយ ជៀសវាងប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប្រជាជន ធ្វើយ៉ាងនាំប្រយោជន៍ដល់ជាតិ។

ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ សម្តេចធិបតីបានបញ្ជាក់ថា គម្រោងព្រែកជីកនេះ រាជរដ្ឋាភិបាល មិនបានខ្ចីលុយចិនមកសាងសង់នោះទេ គឺជាសង់ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន ក្នុងទម្រង់ BOT សាងសង់ ប្រតិបត្តិការ និងផ្ទេរមកវិញ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចបានថ្លែងដូច្នេះថា «ការចរចាគម្រោងនេះ [ព្រែកជីកហ្វូណន-តេជោ] អ្នកសេដ្ឋកិច្ចកម្ពុជា មិនមែនអស់លោក២០នាក់ទេ [សារព័ត៌មាន ឌឹខេមបូឌាដេលី] ផ្គុំគ្នា គ្រាន់តែអ្នកសេដ្ឋកិច្ច អ្នកជំនាញកម្ពុជា ទាំងបរិស្ថាន ទាំងធនធានទឹក សុទ្ធតែមានជំនាញបទពិសោធន៍កម្រិតខ្ពស់ណាស់រួមគ្នាគិត ពិចារណា ទាំងអ្នកប្រឹក្សាយោបលបរទេសផ្សេងៗ ដើម្បីពិនិត្យមើលថា តើគម្រោងនេះចំណេញអត់ គម្រោងនេះ ប៉ះពាល់ធនធានទឹក ប៉ះពាល់ប្រជាជន ប៉ះពាល់ទន្លេមេគង្គឬអត់ ខួរក្បាលគេខំគិតណាស់ ខំចរចាណាស់ ទម្រាំបាន។ ត្រូវការពារអ្នកទាំងអស់នោះ មន្ត្រីទាំងអស់នោះ ថាតើគាត់ជាអ្នកក្បត់ជាតិទេ? យកលុយមកដើម្បីបំផ្លាញឬទេ? គឺអត់ទេ មន្ត្រីទាំងអស់នោះ ឯកឧត្តម ស៊ុន ចាន់ថុល មន្ត្រីក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច សម្តេចតេជោ កាលពីអាណត្តិមុខ ខិតខំបម្រើជាតិ ខ្ញុំត្រូវចេញការពារនូវភាពត្រឹមត្រូវរបស់គាត់ ដែលខ្ញុំត្រូវបំភ្លឺ ដើម្បីឱ្យប្រជាពលរដ្ឋយើងបានយល់ដឹងថា មន្ត្រីរបស់រាជរដ្ឋាភិបាលទាំងអាណត្តិទី៦ និងអាណត្តិទី៧នេះ មិនធ្វើអ្វីដែលមិនទទួលខុសត្រូវ និងមិនធ្វើអីដែលបំផ្លាញជាតិនោះទេ តែផ្ទុយទៅវិញគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ រួមទាំងការកសាងព្រែកជីកនេះផង»

សូមជម្រាបថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយរបស់កាសែតឌឹខេមបូឌាដេលី ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ។ សារព័ត៌មានេះបានចុះផ្សាយថា មានមន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០ លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ ទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់លានដុល្លារ ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា»។ ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការច្រានចោលនូវព័ត៌មាននេះ ដោយសារជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនស្ថិតនៅក្នុងបញ្ជីកម្មវិធី/គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣ និង២០២៤ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និង២០២៤ ក្រោមក្របខណ្ឌនៃការខ្ចីពីដៃគូអភិវឌ្ឍន៍ទេ ព្រោះគម្រោងនេះ នឹងត្រូវអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យបន្តរៀបចំអភិវឌ្ឍតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships - PPP) ឬតាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផេ្ទរ (BOT) ដែលទម្រង់នេះក៏ត្រូវបានអនុវត្តដោយប្រទេសជាច្រើន នៅលើពិភពលោក ហើយជាក់ស្ដែងនៅកម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអនុវត្តតាមរូបភាពនេះ ដោយជោគជ័យរួចមកហើយ។

ក្រសួងបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនខ្ចីបំណុលពីចិន សម្រាប់អភិវឌ្ឍគម្រោងនេះឡើយ ហើយភាគីដៃគូឯកជនមានកាតព្វកិច្ចទទួលខុសត្រូវ លើរាល់ចំណាយពាក់ព័ន្ធនឹងការរៀបចំសិក្សា សមិទ្ធិលទ្ធភាពគម្រោង និងធ្វើការស្វែងរកទុនវិនិយោគ សម្រាប់ហិរញ្ញប្បទាន ដើម្បីរៀបចំអភិវឌ្ឍគម្រោង នេះដោយដៃគូឯកជនផ្ទាល់ និងមិនទទួលបានការផ្តល់នូវការធានាពីរដ្ឋចំពោះគម្រោងនេះទេ។

ក្រសួងសង្កត់ធ្ងន់ថា ឆ្លងតាមការចុះផ្សាយព័ត៌មានរបស់កាសែតឌឹខេមបូឌាដេលី បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីចេតនាទុច្ចរិត ផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្មានប្រភពបញ្ជាក់ច្បាស់លាស់ ក្នុងគោលដៅបង្កើតការយល់ច្រឡំ និងបំភាន់មតិសាធារណជន ដើម្បីបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ឬនិន្នាការនយោបាយជ្រុលនិយមណាមួយប៉ុណ្ណោះ៕