(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខ ចូលរួមសហការជាមួយកម្លាំងសាលាខណ្ឌសែនសុខដឹកនាំដោយ លោក សាំង សុវិចិត្រ អភិបាលរងខណ្ឌ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បានចុះធ្វើការបិទទីតាំង ហ្គេមអនឡាញ១កន្លែង ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា។ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការ ខាងលើនេះកម្លាំងប្រតិបត្តិការ បានចាប់ខ្លួនម្ចាស់ទីតាំងម្នាក់ឈ្មោះ សាន ភក្តី អាយុ២៩ឆ្នាំ ព្រមទាំងដកហូតទូហ្គេម១១គ្រឿងផងដែរ។ សម្រាប់ម្ចាស់ទីតាំងត្រូវបាននាំខ្លួនមកសួរនាំ នៅប៉ុស្តិ៍នគរបាលទឹកថ្លា ខណៈដែលទូហ្គេមទាំង១១គ្រឿង ត្រូវបាននាំយកទៅរក្សាទុក នៅសាលាខណ្ឌដើម្បីរង់ចាំ ការវាយកម្ទេចចោល៕