(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការផ្សព្វផ្សាយរបស់កាសែត The Cambodia Daily ដោយដាក់ប្រភពពីមន្រ្តីក្រសួងសេដ្ឋកិច្ចថា «រដ្ឋាភិបាលកម្ពុជាខ្ចីថវិកាចិន ៥ពាន់លានដុល្លារ ដើម្បីសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ»នោះ គឺជាព័ត៌មានប្រឌិតតាមការស្រមៃ ហើយសម្តេចមិនជឿថា មានមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ល្ងង់ដល់ថ្នាក់មិនស្គាល់គម្រោង BOT (Build-Operate-Transfer)។

ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លើគេហទំព័ររបស់ខ្លួន និងគណនីទំព័រហ្វេសប៊ុក «The Cambodia Daily Khmer» ដោយបានលើកឡើងថា «មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០ លានដុល្លារអាម៉េរិកសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់ លានដុល្លារអាម៉េរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា។»

ថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតីបានបញ្ជាក់ថា បញ្ហាពាក់ព័ន្ធនឹងការសាងសង់ព្រែកជីកហ្វូណននេះ គឺធ្វើតាមរយៈគម្រោង BOT ដែលវិស័យឯកជនអ្នកសាងសង់ ហើយធ្វើអាជីវកម្មក្នុងរយៈពេលណាមួយ ហើយនឹងផ្ទេរមកឱ្យរាជរដ្ឋាភិបាលនៅពេលដែលចប់កុងត្រា ដែលក្រុមហ៊ុនវិនិយោគព្រែកជីកនេះ វិស័យឯកជនទទួលខុសត្រូវក្នុងការរកប្រភពធនធានក្នុងការសាងសង់ មិនមែនរដ្ឋនោះទេ។

សម្តេចបានបញ្ជាក់បន្ថែមដូច្នេះថា៖ «ខ្ញុំមិនជឿថា មានមន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ល្ងង់ដល់ថ្នាក់មិនស្គាល់ភាពខុសគ្នារវាងអ្វីទៅដែលហៅថាឥណទាន ដែលយើងខ្ចី និងអ្វីទៅជាគម្រោង BOT»

សម្តេចធិបតី បានបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជាថា ការខ្ចីបំណុលគឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដែលត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ ហើយរាជរដ្ឋាភិបាលមិនខ្ចីបរទេសរហូតដល់ជំពាក់វ័ណ្ឌកនោះទេ ដែលយើងមានច្បាប់ប្រចាំឆ្នាំ ដែលអនុញ្ញាតឱ្យកម្ពុជាខ្ចីកម្រិតណា មកទ្រទ្រង់សេដ្ឋកិច្ចយើង មកវិនិយោគលើគម្រោងណាដែលមានផលប្រយោជន៍ជាតិ ហើយធ្វើដោយតម្លាភាព។

«វាឆ្ងាញ់ត្រង់អញ្ចេះ តាមប្រភពពីមន្រ្តីជាន់ខ្ពស់ដែលសុំមិនបញ្ចេញមុខ អាហ្នឹងគេប្រើចិត្តសាស្ត្រ បងប្អូន ! ចិត្តសាស្ត្រមនុស្សយើង បើសិនគេនិយាយប្រាប់ក្តែងៗ មិនសូវជឿទេ ប៉ុន្តែបើខ្សឹបវិញជឿណាស់ ហើយបើខ្សឹបថា "កុំប្រាប់គេប្រភពគឺលាក់ការណ៍ ដឹងកំបុតក" អាហ្នឹងកាន់តែជឿទៀត» នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់ កាសែតឌីខេមបូឌាដេលីនេះដែរ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញសេចក្តីប្រកាសច្រានចោលផងដែរ ដោយចាត់ទុកថា ជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។

នេះមិនមែនជាលើកទី១ទេ ដែលសារព័ត៌មាន The Cambodia Daily ផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជា។ សារព័ត៌មាននេះ ដែលកន្លងមកមានមូលដ្ឋាននៅរាជធានីភ្នំពេញ ប៉ុន្តេបានប្រកាសបិទការចេញផ្សាយរបស់ខ្លួន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានលទ្ធភាពបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់ ដែលមានចំនួនជាង៦លានដុល្លារ ក្រោយដំណើរការនៅកម្ពុជាដោយគ្មានបង់ពន្ធរយៈពេលជាង១០ឆ្នាំ៕