(កំពង់ចាម)៖ ក្នុងពិធិបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៤ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានដាក់ចេញនូវទិសដៅការងារអាទិភាពចំនួន៣ចំណុច ដើម្បីឲ្យរដ្ឋបាលខេត្តយកធ្វើជាប្រទីបបំភ្លឺផ្លូវក្នុងការអនុវត្តបន្ដ បន្ថែមពីអ្វីដែលជាទិសដៅរបស់ខេត្តដែលបានដាក់ចេញ។

ក្នុងពិធីនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្ដើមពីចំណុចដំបូងដែលធំជាងគេ គឺពង្រឹងស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម បង្កើនសេចក្ដីសុខដុមរមនាជូនដល់ប្រជាពលរដ្ឋ ក្រោមម្លប់ដ៏ត្រជាក់នៃសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់ និងកើតចេញពីឆន្ទៈប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ចំណុចពង្រឹងស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសង្កត់ធ្ងន់ថា ក្រុមជ្រុលនិយមដែលមានឧបាយកលផ្ដួលរំលំរាជរដ្ឋាភិបាល មិនទាន់បោះបង់គំនិតរបស់ពួកគេឡើយ ហើយជាពិសេសក្បាលម៉ាស៉ីននៅក្រៅប្រទេស ដូច្នេះត្រូវតែបន្ដបង្កើននូវការប្រុងប្រយ័ត្ន។ ខណៈបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន សណ្ដាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ក៏ត្រូវពង្រឹងយកចិត្តទុកដាក់ដូចគ្នាផងដែរ ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបំពេញការងារប្រកបរបរចិញ្ចឹមជីវិតដោយគ្មានក្ដីបារម្ភ។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំឲ្យពង្រឹងសមត្ថភាពអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ តាមរយៈការបង្កើនសមត្ថភាព បង្កើនការទទួលខុសត្រូវដើម្បីធានាតបត ជាមួយក្រុមប្រព្រឹត្តបទល្មើសដើម្បីភាពកក់ក្ដៅរបស់ពលរដ្ឋ។ បន្ថែមពីនេះ ត្រូវចលនាឲ្យប្រជាពលរដ្ឋចូលរួម និងជំរុញការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីឲ្យម្ចាស់ការចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ទាំងការការពារ និងរាយការណ៍ពេលមានករណីសង្ស័យ ឬកើតបទល្មើស។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមរូបនេះ ក៏បានជំរុញឲ្យរដ្ឋបាលខេត្តត្រូវលើកផែនការឲ្យបានច្បាស់លាស់ ដើម្បីកសាង និងអភិវឌ្ឍន៍មូលដ្ឋានខេត្ត ក្រុង ស្រុក ហើយត្រូវដឹងអំពីភូមិសាស្ដ្រ សមត្ថភាព សក្ដានុពល ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកអភិវឌ្ឍន៍នៅខេត្តកំពង់ចាម ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងសំដៅទាក់ទាញការងារធ្វើជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើនប្រាក់ចំណូលក្នុងគ្រួសារនីមួយៗផងដែរ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹងសមត្ថភាព និងការទទួលខុសត្រូវ ក្នុងការបម្រើសេវាសាធារណៈនានាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណធម៌ តម្លាភាព និងរហ័សទាន់ចិត្ត។ ចំពោះចំណុចខ្វះខាតដោយអន្លើរកន្លងមក ពិសេសឥរិយាបថរបស់មន្ដ្រី ក៏ត្រូវកែប្រែឡើងវិញ ព្រោះរាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានបុព្វហេតុបម្រើប្រជាពលរដ្ឋ បម្រើសង្គមជាតិ ដូច្នេះមន្ដ្រីរាជការគ្រប់ថ្នាក់ត្រូវពង្រឹងសមត្ថភាព។

តាមរយៈការណែនាំខាងលើនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបោះនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្តកំពង់ចាម ដែលមានលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត នឹងខិតខំប្រឹងប្រែងបំពេញរាល់កិច្ចការងារទាំងអស់ ប្រកបដោយភាពជោគជ័យកាន់តែខ្លាំងបន្ថែមទៀត នៅឆ្នាំ២០២៤។

យោងតាមរបាយការណ៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច ទាំងបី ប្រភេទ នៅតែបន្តខិតខំប្រឹងប្រែងការពារដល់សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋាន ពិសេសនៅតែបន្តអនុវត្តនូវបទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពិសេស ក្រសួងមហាផ្ទៃក្នុងការធានា និងរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នាដែរ ការអនុវត្ត និងការចុះបន្តអប់រំផ្សព្វផ្សាយអំពីវិធានការនានា រួមមាន ច្បាប់ចរាចរណ៍ការអប់រំអំពី ផលវិបាកនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ ការអប់រំផ្សព្វផ្សាយ អំពីគ្រឿងញៀន ជួយដល់ស្រទាប់យុវវ័យ បានបង្ហាញអំពីលទ្ធផលជាវិជ្ជមានដែលគួរឲ្យជាទីមោទនៈ និងបានស្ដែងចេញ តាមរយៈ ជោគជ័យជាប្រវត្តិសាស្ត្រដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីខែឧសភាកន្លងទៅ និងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោកអភិបាលខេត្តបានបន្ដថា ក្រៅពីសមិទ្ធផលខាងលើនៅ មានសមិទ្ធផលជាច្រើនទៀត ដែលរដ្ឋបាលខេត្ត រួមនឹងមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ បានសម្រេចខិតខំរួមគ្នាសម្រេចបានក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ក្នុងនោះស្នាដៃ និងសមិទ្ធផលដែលបានកើតចេញពីការខិតខំ ព្រមៗគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ថ្នាក់ ជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋ ដែលបាននាំមកនូវភាពជោគជ័យជាច្រើនគួរជាទីមោទនៈ៕